សម្តេចធិបតី ណែនាំឱ្យមានការរៀបចំឧទ្យានជាតិនៅម្តុំផ្លូវ៦០ម៉ែត្រ ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់«ស្ពានអាកាសភ្លោះ»នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។

ក្នុងឱកាសនោះសម្តេចធិបតី បានស្នើឲ្យគិតឲ្យហើយអំពីផាសុខភាព កន្លែងតំបន់បៃតងត្រូវតែមាន គិតគូរឲ្យច្បាស់និងត្រូវតែអភិវឌ្ឍន៍ឲ្យបាន។
សម្ដេចថា យើងមិនអាចរស់នៅ២០ – ៣០ឆ្នាំទៅមុខទៀត ដោយងាកទៅណាឃើញសុទ្ធតែអគារ និងបេតុងទាំងអស់នោះទេ។

តំបន់៦០ម៉ែត្រគួរតែមានតំបន់បៃតងរៀបចំជាសួនទុកសម្រាប់ប្រជាពលរដ្ឋមកកំសាន្ត មកសប្បាយ ប្រកបដោយផាសុខភាពផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅតាមរាជធានីខេត្តនីមួយៗគួរគិតឲ្យហើយ តំបន់ដែលនៅជិតទីរួមខេត្តគួរតែរក្សា១០០ ទៅ២០០ហិកតាទុកសម្រាប់ធ្វើជាកន្លែងកំសាន្តទៅថ្ងៃក្រោយ។

ស្របគ្នានោះ សម្ត្តេចធិបតី ក៏បានគូសរំលេចពីជីវភាពប្រជាពលរដ្ឋយើងកាលនៅក្រលំបាក គឺយើងគិតធ្វើយ៉ាងណាឲ្យតែចូលក្រពះសិន ឆ្ងាញ់ មិនឆ្ងាញ់ជារឿងមួយ សំខាន់ឲ្យតែបានគ្រប់ ជាក់ស្ដែងដូចកាលចេញពីរបប ប៉ុល ពត មក។

បន្ទាប់ពីមានលទ្ធភាពគ្រប់ហើយ យើងគិតរឿងឆ្ងាញ់ ក្រោយមកយើងគិតពីសុខភាព គិតពីគ្រួសារ និងកូនចៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំទីក្រុងមួយដែលអាចរស់នៅបាន មានផាសុកភាពដល់ប្រជាពលរដ្ឋ មិនគិតតែពីអាគារល្អនោះទេ តែត្រូវគិតពីបរិស្ថានជុំវិញ ដើម្បីប្រជាពលរដ្ឋមានភាពងាយស្រួល សន្តិសុខក៏ល្អ សុវត្ថិភាពក៏ល្អ ហើយការកកស្ទះ និងបញ្ហាពុលក៏លែងជាបញ្ហាចោទ។
តំបន់ដែលអាចជុំគ្នាដោយផាសុកភាព គួរតែមានឧទ្យានសាធារណៈក្នុងទីក្រុងសម្រាប់ប្រជាពលរដ្ឋមកកំសាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *