(ព្រៃវែង)៖ ក្រោយ«ដើមរាំង»ចុះផ្សាយពាក់ព័ន្ធគ្រូបង្រៀនម្នាក់ នៅ”សាលាបឋមសិក្សាកែវធំ”ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង មិនចូលបង្រៀនសិស្ស រយៈពេល៧ខែហើយ បែរជាមានឈ្មោះបើកប្រាក់ខែរហូត នោះមក..!។
-នៅថ្ងៃទី១៦.០៦.២០២៤ លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ បានចេញលិខិតបំភ្លឺ ជូនឯកឧត្តមអភិបាលខេត្តព្រៃវែង.!។
ដោយបញ្ជាក់ថា«ករណីខាងលើ លោកស្រីនាយិកា”សាលាបឋមសិក្សាកែវធំ”បានមកជួបរូបលោក កាលពី អំឡុងខែឧសភា ឆ្នាំ២០២៤។
ដើម្បីរាយការណ៍ អំពីករណីលោកគ្រូ ស៊ាង គារុន អសកម្មមិនបានមកបង្រៀន អស់រយៈពេល០៦ខែ ដោយលោកគ្រូ ស៊ាង គារុន ជារវល់រកស៊ី(គ្រឿងចក្រកាយយកអាចម៍ដី)។
លោក ប៊ិន ជីវ័ន្ត បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកបាន ចាត់អោយការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ចេញលិខិតអញ្ជើញ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោកគ្រូ ស៊ាង គារុន មកចូលរួមកិច្ចប្រជុំធ្វើការសាកសួរ បំភ្លឺ និងណែនាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឃាត សាមឿន អភិបាលរងស្រុក ។
លោក ប៊ិន ជីវ័ន្ត បន្ថែមថា នៅក្នុងកិច្ចប្រជុំនោះ លោក ស៊ាង គារុន គ្រូបង្រៀនសាលាកែវធំ បានបំភ្លឺថា រូបគាត់ពិតជាអសកម្ម នឹងការងារ មិនបានមកបង្រៀនពិតមែន។
ដោយលោក មានជំងឺ តែលោកក៏បានជួល គ្រូឱ្យបង្រៀនជំនួយរូបគាត់ ក្នុងកំឡុងពេលដែលគាត់អវត្តមាន។
ក្នុងកិច្ចប្រជុំលោក ឃាត សាមឿន អភិបាលរងស្រុក បានណែនាំដល់លោកគ្រូ ស៊ាង គារុន ឱ្យមកបង្រៀនវិញ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកគ្រូ ក៏បានយល់ព្រមតាមការណែនាំរបស់ លោកអភិបាលរងស្រុក និងអង្គប្រជុំ។
លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូ គឹម ផល្លា ជាលេខាធិការ “សាលាបឋមសិក្សាកែវធំ”បានយកលិខិតសំណូមពរ មកជូនរដ្ឋបាលស្រុក។
ដើម្បីសុំផ្លាស់ប្តូរលោកគ្រូ ស៊ាង គារុន ជាគ្រូបន្ទក់ថ្នាក់ទី៤ក ចេញពី”សាលាបឋមសិក្សាកែវធំ”ដែលអវត្តមានជាយូរ ខែមកហើយ។
បើតាមលោក ប៊ិន ជីវ័ន្ត បន្ទាប់ពីទទួលបានលិខិតសំណូមពរ របស់”សាលាបឋមសិក្សាកែវធំ” រដ្ឋបាលស្រុក បានប្រាប់ទៅលោកគ្រូ គឹម ផល្លា ជាលេខាធិការថា ដោយមួយរយៈនេះរដ្ឋបាលស្រុក រវល់រៀបចំប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាអាណត្តិថ្មី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ដូច្នេះហើយ នៅពេលប្រកាសរួច រដ្ឋបាលស្រុក នឹងហៅលោកគ្រូ ស៊ាង គារុន មកដោះស្រាយ និងធ្វើតាមនីតិវិធី»។
ការចេញមកបំភ្លឺពីសំណាក់លោក ប៊ិន ជីវ័ន្ត នៅពេលនេះ បន្ទាប់ពីនៅថ្ងៃទី១៥.០៦.២០២៤«ដើមរាំង»បានផ្សព្វផ្សាយថា«អាណាព្យាបាលសិស្ស.គណៈកម្មការគ្រប់គ្រងសាលា.លោកគ្រូ-អ្នកគ្រូ នៅ “សាលាបឋមសិក្សាកែវធំ”កំពុងទទូចស្នើសុំផ្លាស់ប្ដូរ និងផ្ទេរលោកគ្រូ ស៊ាង គារុន ចេញពីសាលា…!។
ដោយផ្អែកថា លោកគ្រូរូបនេះ មានតែឈ្មោះបើកប្រាក់ខែ ។
ប៉ុន្តែពុំដែលចូលបង្រៀនសិស្ស អស់រយៈពេលជាច្រើនខែមកហើយ និងឱ្យគេស៊ីញេវត្តមាន ជំនួសរហូត..!។
មិនតែប៉ុណ្ណោះលោកគ្រូ ស៊ាង គារុន
តែងតែឈប់សម្រាក ដោយចិត្តឯង គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ជាហេតុនាំឱ្យខកខានការបង្រៀនសិស្ស ឬគ្រូម្នាក់ ត្រូវបង្រៀនសិស្ស២ថ្នាក់ ក្នុងពេលតែមួយក៏មាន!។
-ស្របពេលដែលលោកស្រីនាយិកា”សាលាបឋមសិក្សាកែវធំ”បានថ្លែងថា នៅសាលា.របស់លោកស្រី ពិតជាមានករណី គ្រូបង្រៀនមិនមកបង្រៀនសិស្ស ប្រាកដមែន..!។
សូមជម្រាបថា”សាលាបឋមសិក្សាកែវធំ”មានទីតាំងស្ថិតនៅភូមិបើកទូក ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង៕