ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យរដ្ឋបាលរាជធានីខេត្ត ដឹកនាំអ្នកសារព័ត៌មានចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការអភិវឌ្ឍន៍!

(ព្រៃវែង)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តួចផ្តើមគំនិតនិងស្នើដល់រដ្ឋបាលរាជធានី-ខេត្ត តាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានីខេត្ត។
ក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់មូលដ្ឋានក្រុង-ស្រុក-ខណ្ឌ ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍ រីកចម្រើននិងបញ្ហាប្រឈមនានា របស់ខេត្តក្រុង-ស្រុក-ខណ្ឌ សម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបានយល់ដឹងនិងចូលរួមសហការ..!។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់ តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងផ្តល់បណ្ណសរសើរ ដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែង រៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាន នៅក្នុងខេត្ត។
ដើម្បីពួកគាត់បានដឹងនិងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋា​ភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងបន្ថែមទៀត។
ពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន។

ឯកឧត្តម បានគូសបញ្ជាក់ថារដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយសមិទ្ធផលជាច្រើនត្រូវបានសម្រេច។

ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីបងប្អូនប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។

ព្រោះអាជ្ញាធរនិងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តមបានលើកឡើងថាអ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មាន ដើម្បីជាមូលដ្ឋាននៃការសរសេរអត្ថបទព័ត៌មាន របស់ខ្លួន។

ចំណែកអាជ្ញាធរ ត្រូវការអ្នកសារ ព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ និងទទួលបាននូវមតិយោបល់ត្រឡប់មកវិញ។
ដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។

«អាជ្ញាធរនិងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។
យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយការពិតំ្យបានច្រើនដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ជូនចំពោះមន្ត្រីនិងអ្នកសារព័ត៌មាននៅខេត្តព្រៃវែង ។
មុននឹងថ្លែងអំណរគុណចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីនិងអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តបាននូវក្រមសីលធម៌វិជ្ជាជីវៈដែលជាអាវក្រោះការងារបងប្អូនអ្នកសារព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *