គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចបានប្រមាណ៨០ភាគរយហើយ!

(បាត់ដំបង)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។
បានអញ្ជើញ​ចុះពិនិត្យ វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទាន​សម្បទាន ពី​សាធារណ​រដ្ឋកូរ៉េ..!។

បើតាមរបាយការណ៍ របស់ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា គិតមកដល់ខែមិថុនា ឆ្នាំ២០២៤ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៨០ភាគរយ។

-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយ​ចាប់​ផ្ដើម​ការ​សាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។

គម្រោងនេះ​គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មាន​លទ្ធភាព​ផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣.០០០​ហិកតា នៅ​រដូវ​វស្សា និង ៤.៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និង​កាត់​បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោង​អភិវឌ្ឍន៍​ទំនប់ដូនទ្រី​ជា​ប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តន៍ពីមុនមកដូចជា ការ​ជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះវឌ្ឍនភា​ព​គម្រោង​ដែល​សម្រេច​បាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានា​ដ​ល់​ការ​ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាត​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែក​មួយ​ជួយ​លើក​ស្ទួយ​ដល់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមប្រជាពលរដ្ឋនៅទូទាំងខេត្ត គោរព​ថ្លែង​អំណរ​គុណ​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ផ្ដល់​គម្រោង​អភិវឌ្ឍន៍​ទំនប់ដូនទ្រី​នេះ​ដើម្បី​បម្រើ​ផល​ប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តបាត់ដំបង។

សូមជម្រាបថា៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​របស់គម្រោងរួមមាន ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ,សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤​ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ,រូងទូនេលពង្វាង​ទឹក​រាង​ជា​ក្រចក​ជើង​សេះប្រវែង ៤៦២ម៉ែត្រ, សំណង់គ្រប់គ្រងទឹកជា​ប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់​ដែល​មានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ​, ផ្លូវ​ក្រាល​ថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ , សំណង់ដោះទឹកចំនួន ៨កន្លែង និង​ស្ពាន​បណ្តោះ​អាសន្នចំនួន ៣កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *