(បាត់ដំបង)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។
បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ..!។
បើតាមរបាយការណ៍ របស់ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា គិតមកដល់ខែមិថុនា ឆ្នាំ២០២៤ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៨០ភាគរយ។
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។
គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣.០០០ហិកតា នៅរដូវវស្សា និង ៤.៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តន៍ពីមុនមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមប្រជាពលរដ្ឋនៅទូទាំងខេត្ត គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះដើម្បីបម្រើផលប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តបាត់ដំបង។
សូមជម្រាបថា៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ,សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ,រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ, សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ, ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ , សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង៕