Update៖ អ្នកនាំពាក្យបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ប្រឈមនឹងជាប់ពន្ធនាគារ៣០ឆ្នាំ!

(ភ្នំពេញ)៖ ក្រោយមានការជជែកវែកញែក នៅលើបណ្ដាញសង្គមពាក់ព័ន្ធ នឹងការចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ឃាតករដៃឆៅដែលបានបាញ់សម្លាប់ជនរងគ្រោះ២នាក់ និងរបួស២នាក់..!។
ដោយអ្នកខ្លះនិយាយថា ការចោទប្រកាន់នោះ គឺក្នុងបទល្មើសស្រាលពេក និងខ្លះទៀតថា ការចោទប្រកាន់របស់តុលាការ គឺត្រូឹមត្រូវហើយព្រោះ៣បទល្មើស..!។

ឥឡូវ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ហើយ អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវប្រឈមនឹងជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ។

-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣.០៦.២០២៤។

-អ្នកនាំពាក្យអះអាងថា៖ ករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០
ឆ្នាំ ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច)និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅខណ្ឌ ច្បារអំពៅ។

ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។

ពេលទៅដល់ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើត ហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្នុងពេលនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ០២ (ពីរ) នាក់ទៀតជាច្រើនគ្រាប់បណ្តាលឱ្យម្នាក់រងរបួសដៃ និង ម្នាក់ទៀតរងរបួសជើង។

ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូន សំណុំរឿង និងជនល្មើសមក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់បំផុតក្នុង ការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ឋរួចមក បានធ្វើ ការសន្និដ្ឋានថា អំពើនេះ ជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃ ច្បាប់នោះទេ ព្រោះថា នៅមុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ ។

គឺមានការជជែកឈ្លោះប្រកែកគ្នា ជាមុន រវាងជនល្មើស និងជនរងគ្រោះ និងឈានទៅដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្តុតាង នៃការរៀបចំផែនការសម្លាប់ មនុស្សតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឡើយ។

ដោយពិនិត្យឃើញ ព្យសនកម្មទៅលើជនរងគ្រោះ ស្លាប់ពីរនាក់ និងរបួសពីរនាក់ តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា០២ (ពីរ) សំណុំរឿង ។

ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។

សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់១៥ (ដប់ប្រាំ) ឆ្នាំ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ទៀតថា៖ ការចោទប្រកាន់ របស់តំណាងអយ្យការ ។
គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ឋផល នៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។

ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន។

ចៅក្រម ស៊ើបសួរ នឹងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុំរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវ ភស្តុតាងថ្មីបន្ថែម ដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមាន សិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់បានជាដរាប។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមជូនថា៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *