ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ជាបន្ទាន់ បន្ទាប់ពីក្រុមហាម៉ាស់បានបង្ហាញការគាំទ្រក្នុងការដោះលែងចំណាប់ខ្មាំង និងចូលរួមក្នុងផែនការបទឈប់បាញ់ដែលរដ្ឋាភិបាលអាមេរិកបានស្នើ។
ប្រភពពីសារព័ត៌មានCNAនៅថ្ងៃទី៤ខែតុលា។
ក្នុងសារមួយដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ លោក Trump បានសរសេរថា៖ អ៊ីស្រាអែលត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាជាបន្ទាន់ ដើម្បីយើងអាចយកចំណាប់ខ្មាំងចេញដោយសុវត្ថិភាព និងឆាប់រហ័ស!។
ក្រុមហាម៉ាស់បានឆ្លើយតបថា សេចក្តីថ្លែងការណ៍របស់លោក Trump គឺលើកទឹកចិត្តហើយបង្ហាញពីភាពត្រៀមខ្លួនក្នុងការចាប់ផ្តើមចរចាភ្លាមៗ ដើម្បីសម្រេចលើការផ្លាស់ប្តូរអ្នកទោស ការបញ្ចប់សង្គ្រាម និងការដកកងទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា។
លោក Taher al-Nounou អ្នកនាំពាក្យក្រុមហាម៉ាស់ បានប្រាប់ AFP ថាយើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា ដើម្បីសម្រេចបានសន្តិភាព និងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។
លោក Trump បានសន្យាថា ភាគីទាំងអស់នឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ ក្នុងកិច្ចចរចាដែលគាត់បានហៅថា ជា “ថ្ងៃពិសេសបំផុត” សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា៕