សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)។
គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖
ទី១៖ បន្តនិរន្តរភាពនៃការ​បណ្តុះបណ្តាលនៅ​កម្រិត​ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ។
២៖ ពង្រឹងគុណភាព​នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យ​អស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក។
៣៖. ផ្ដល់​លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក ។
និង៤៖. បើកចំហធនធានសិក្សាទៅកាន់​អ្នក​សិក្សាក្នុងតំបន់ និងសាកលលោក។

គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សា​សា​ធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖
១ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៣ សាកលវិទ្យាល័យជាតិបាត់ដំបង
៤ សាកលវិទ្យាល័យស្វាយរៀង
៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
៧ សាកលវិទ្យាល័យជាតិគ្រប់គ្រង
៨ សាកលវិទ្យាល័យជាស៊ីមកំចាយមារ។
៩ សាកលវិទ្យាល័យក្រចេះ
១០ វិទ្យាស្ថានគរុកោសល្យបាត់ដំបង។
១១ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
១២ សាកលវិទ្យាល័យអង្គរ។

ដើម្បីសម្រេចគោលបំណងខាងលើនេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានដាក់ចេញផែនការសកម្មភាព​រយៈពេល៣ឆ្នាំ ជា ៣ដំណាក់កាលធំៗ ដូចខាងក្រោម៖
ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាព ដោយក្នុងនោះ​សាកលវិទ្យាល័យចំនួន៦ ។
ដែលជាសមាជិកដំបូង បានចាប់ផ្តើមផលិត និងដំណើរការមាតិកា និងខ្លឹមសារមេរៀន​តាម​អនឡាញ។

ដំណាក់កាលទី២ ក្នុងឆ្នាំ២០២៤ ផ្តោតលើការបង្កើតមេរៀនរួមគ្នា ឬកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យជាសមាជិក ដើម្បីផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សា។
ដំណាក់កាលទី៣ ក្នុងឆ្នាំ២០២៥ គឺជាការបើកចំហធនធាន​សិក្សា​របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

គិតត្រឹមឆ្នាំ២០២៤ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាសម្រេចបានសមិទ្ធផលការងារដូចខាង​ក្រោម៖
បានបង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់សាកលវិទ្យាល័យចំនួន៥ បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យសមាជិក
ចំនួន៦។

បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និង បានដាក់ឱ្យដំណើរការនៅលើ moodle.ccun.edu.kh។
អភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៤នាក់ លើជំនាញផលិតមេរៀន ផលិតធនធានសិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ។

បានផលិតមាតិកាមេរៀនចំនួន ៦៩មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស បានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥,៤៣២នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *