ទីភ្នាក់ងារឃ្លាំមើលភាពអត់ឃ្លានពិភពលោក បាននិយាយនៅថ្ងៃអង្គារ(២៥មិថុនា)ថា តំបន់ហ្កាហ្សា នៅតែមានហានិភ័យខ្ពស់នៃភាពអត់ឃ្លាន និងរងទុក្ខ..!។
ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្ត ហើយលទ្ធភាពទទួលបានជំនួយ ត្រូវបានរឹតបន្តឹង ។
ទោះបីជាការផ្តល់គ្រឿងផ្គត់ផ្គង់បានជួយកាត់បន្ថយការរីករាលដាលនៃភាពស្រេកឃ្លានខ្លាំង នៅក្នុងតំបន់ភាគខាងជើងក៏ដោយ។
មនុស្សជាង៤៩៥.០០០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមមុខនឹងកម្រិតអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរបំផុត ឬ កម្រិតមហន្តរាយ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីអង្គភាពការដាក់បញ្ចូលដំណាក់កាលសន្តិសុខស្បៀង (IPC) ។
នោះគឺធ្លាក់ចុះពីការព្យាករចំនួន ១,១ លាននាក់ ក្នុងការធ្វើបច្ចុប្បន្នភាពនៅកាលពី ៣ខែមុន ប៉ុន្តែតួលេខអ្នកអត់ឃ្លាននៅតែមានច្រើនជាងមួយភាគប្រាំនៃចំនួនប្រជាជនហ្កាហ្សា។
ស្ថិតក្រោមអសន្តិសុខស្បៀង ដ៏មហន្តរាយ ក្រុមគ្រួសារទទួលរងកង្វះខាតអាហារយ៉ាងខ្លាំង ដែលនាំឱ្យកុមារតូចមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហានិភ័យនៃភាពអត់ឃ្លានដែលជិតមកដល់ និងការស្លាប់។
ការវាយតម្លៃរបស់ទីភ្នាក់ងារ IPC ចេញផ្សាយកាលពីថ្ងៃអង្គារមួយនេះបាននិយាយថា ដើម្បីទិញអាហារ ជាងពាក់កណ្តាលនៃក្រុមគ្រួសារពលរដ្ឋហ្កាហ្សា ដែលបានស្ទង់មតិត្រូវលក់សម្លៀកបំពាក់ ហើយមួយភាគបីបានប្រមូល និងលក់សំរាម ហើយជាង ២០ ភាគរយរាយការណ៍ថាបានធ្វើដំណើរទាំងថ្ងៃទាំងយប់ដោយមិនបានបរិភោគ។
សរុបមក ប្រហែល ៩៦ ភាគរយនៃចំនួនប្រជាជនប្រឈមមុខនឹងកម្រិតអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងរយៈពេលនេះរហូតដល់ខែកញ្ញា៕