Update៖ ក្រុមអាជីវករអះអាងថា ខ្លួនខំរើចេញពីផ្សារកំពង់ពពិលហើយ នៅតែបង់ភាស៊ីអស់១.០០០រៀលក្នុង១ថ្ងៃដដែល!

(ព្រៃវែង)៖ បងប្អូនអាជីវករ ដែលបានរុះរើចេញពីចិញ្ចើមផ្លូវ នៃផ្សារកំពង់ពពិល ក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានសម្ដែងការខកចិត្តជាពន់ពេក ទៅលើថៅកែភាស៊ី”ផ្សារកំពង់ពពិល”ដែលឱ្យបុគ្គលិកខ្លួន តាមប្រមូលភាស៊ីពីពួកគាត់ ក្នុងម្នាក់ៗចំនួន១.០០០រៀល សម្រាប់១ថ្ងៃ ទាំងដែលក្រុមអាជីវករ បានប្ដូរនិងចល័តទីតាំងលែងលក់ដូរ នៅជុំវិញផ្សារ.ដូចមុនៗទៀតហើយ.!។

-ជាក់ស្ដែងពេលនេះ បងប្អូនអាជីវករមួយចំនួនធំ បានមកចាប់កន្លែងលក់ដូរដោយខ្លួនឯង នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ត្រង់ចំណុចក្រោមស្ពាន ផ្លូវជាតិលេខ៨ ដែលមានចម្ងាយពីផ្សារកំពង់ពពិល ប្រហែលជិត១គីឡូម៉ែត្រ ស្ថិតនៅភូមិ-ឃុំខាងលើ.និងមួយចំនួនទៀតចល័តមកលក់តាមដងផ្លូវមាត់ទន្លេដូចគ្នា ស្ថិតនៅភូមិបទសន្ទ្រាលើ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

-ដោយអ្នកខ្លះកំពុងសង់តូប ខ្លះធ្វើដំបូល ខ្លះរៀបចំគ្រែ និងខ្លះទៀត ដើរជួលដីគេដើម្បី បានកន្លែងលក់ដូរជាបណ្ដោះអាសន្ន..!។

-ករណីនេះលោក ឈាង ស៊ាវី មេឃុំកំពង់ពពិល បានថ្លែងទទួលស្គាល់ថា ពិតជាមានការយកភាស៊ីក្នុង១ថ្ងៃចំនួន១.០០០រៀល សម្រាប់ម្នាក់ប្រាកដមែន..!។

-ពាក់ព័ន្ធរឿងរ៉ាវខាងលើ បងប្អូនអាជីវករ អ្នកលក់បន្លែផ្លែឈើ.ត្រី.សាច់ជ្រូក.សាច់គោ.បាយទឹក.កាហ្វេ.ទឹកអំពៅ បានត្អូញត្អែរប្រាប់«ដើមរាំង» នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា ពិបាកណាស់រកស៊ីសព្វថ្ងៃ ជួបបញ្ហាច្រើន រកប្រាក់ចំណេញលែងបានហើយ..!។

-ព្រោះថា ទីតាំងថ្មីដែលពួកគាត់ចល័តមកលក់ដូរនេះ ពុំមែនផ្លូវធំដែលសំបូរភ្ញៀវឬអ្នកធ្វើដំណើរ ដូចទីតាំងចាស់នោះទេ ជាហេតុនាំឱ្យ ការលក់ដូរមិនសូវដាច់..!។
ម្យ៉ាងវិញទៀត ពួកគាត់កំពុងរវល់នឹងការរុះរើដឹកជញ្ជូនសម្ភារៈមករៀបចំនៅកន្លែងលក់ដូរថ្មី ដើម្បីគោរពតាមឱសានវាទ របស់អាជ្ញាធរស្រុកពារាំង…!។

ហើយអ្វីដែលជាបន្ទុកថែមមួយកម្រិតទៀតនោះ គឺថៅកែភាស៊ី”ផ្សារកំពង់ពពិល”បានឱ្យបុគ្គលិករបស់ខ្លួន មកតាមទារភាស៊ី ពីបងប្អូនអាជីវករ ក្នុងម្នាក់ៗចំនួន១.០០០រៀលក្នុង១ថ្ងៃដដែល បើទោះបីជាពួកគាត់ រកកន្លែងលក់ដូរដោយខ្លួនឯង…!។
ឆ្ងាយពីផ្សារ ពុំមែនជាដីវិនិយោគរបស់ផ្សារ ហើយក៏ពុំមែនជាកន្លែង ដែលអាជ្ញាធរ ឬថៅកែភាស៊ី រៀបចំឱ្យលក់ដូរអ្វីដែរ.បែរជាម្ចាស់ភាស៊ី មកដើរប្រមូលភាស៊ី ប៉ាតណាប៉ាតណី បែបនេះទៅវិញ.!។

-អាជីវករបន្តថា គិតត្រឹមថ្ងៃទី២៧.០៦.២០២៤ អ្នកលក់ដូរ តាមចិញ្ចើមផ្លូវ និងតាមរបងវត្តកំពង់ពពិល បណ្ដោយពីលិចទៅកើត ដែលប៉ះពាល់ គម្រោងជួសជុលផ្លូវ និងគម្រោងសាងសង់ស្ពានអាកាស ឡើងអគារផ្សារកំពង់ពពិល គឺបានរុះរើ អស់មួយរយភាគរយហើយ ខណៈដែលគ្រឿងចក្រ ក៏កំពុងធ្វើការផងដែរ…!។

-បើតាមអាជីវករ ជាយូរឆ្នាំមកហើយ ដែលពួកគាត់រាប់រយនាក់ បានចាប់កន្លែងលក់បន្លែផ្លែឈើត្រីសាច់..!។
នៅតាមចិញ្ចើមផ្លូវ នាប៉ែកខាងកើត.ខាងលិច និងខាងត្បូង នៃ
“អគារផ្សារកំពង់ពពិល”បច្ចុប្បន្ន.!។

លុះថ្មីៗនេះស្រាប់តែ អាជ្ញាធរស្រុកពារាំង ចេញលិខិតកំណត់ឱ្យពួកគាត់រុះរើចេញ..!។
ដោយផ្អែកថា ដើម្បីកុំឱ្យទើសទែងការអភិវឌ្ឍន៍ គម្រោងជួសជុលផ្លូវប្រមាណជា៤០០ម៉ែត្រ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈច្រមុះជ្រូក មកទល់នឹងរង្វង់មូល”ផ្សារកំពង់ពពិល”រួមនិងគម្រោងសាងសង់ស្ពានអាកាសស្របគ្នាសម្រាប់ឡើងអគារ”ផ្សារកំពង់ពពិល”ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ទន្ទឹមនិងនោះដែរ កាលពីព្រឹកទី២៤.០៦.២០២៤ ក្រុមអាជីវករក៏បានផ្ទុះការតវ៉ា ហាមឃាត់គ្រឿងចក្រ ដោយអះអាងថា ចាំដោះស្រាយគ្នាជាមុនសិន ទើបពួកខ្លួនព្រមរុះរើ តាមក្រោយ…!។

មិនដូច្នេះអី នៅថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអាជីវករ បានស្ម័គ្រចិត្តរុះរើ តាមសំណើរបស់អាជ្ញាធរ…។

ប៉ុន្តែពួកគាត់ ពុំបានរើទៅលក់នៅទីតាំងដែលអាជ្ញាធរ រៀបចំទុកនោះឡើយ!។
ដោយពួកគាត់និយាយថា ទីតាំងដែលអាជ្ញាធររៀបចំឱ្យនោះ ផ្លូវតូចចង្អៀតលក់មិនអស់គ្នា។ ម្យ៉ាងវិញទៀត បើឱ្យទៅលក់នៅអគារផ្សារ ជាន់លើ គឺមិនទៅលក់ជាដាច់ខាត.!។
ហេតុនេះពួកគាត់ ក៏នាំគ្នាទៅលក់នៅទីតាំងថ្មី ត្រង់ចំណុចខាងលើតែម្ដងទៅ.!។

-ក្រុមអាជីវករបញ្ជាក់ទៀតថា ទោះបីពួកខ្លួន រុះរើចល័តមកលក់កន្លែងថ្មីដែលឆ្ងាយនិងផុតពីតំបន់ វិនិយោគផ្សារ.បែបនេះក្ដី.!។
ប៉ុន្តែថៅកែភាស៊ី នៅតែបន្តតាមប្រមូលភាស៊ីពីពួកគាត់ដដែល គឺម្នាក់ៗចំនួន១.០០០រៀលក្នុង១ថ្ងៃយ៉ាងទៀងទាត់.!។

-ដោយចង់ដឹងថា តើម្ចាស់ភាស៊ីមានសិទ្ធទៅប្រមូលភាស៊ី ឆ្ងាយពីផ្សារអញ្ចឹងឬទេ? ហើយការយកភាស៊ីតម្លៃ១.០០០រៀលនេះ ត្រូវតាមគោលការសៀវភៅបន្ទុកឬយ៉ាងណា.? នៅថ្ងៃទី២៧.០៦.២០២៤«ដើមរាំង»បានព្យាយាមសុំការ
បកស្រាយពីលោក ចេម ប្រា អភិបាលស្រុកពារាំង ដោយលោកនិយាយយ៉ាងខ្លីថា«ការងារនេះសូមទាក់ទងទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត»។

ជាមួយគ្នានោះ«ដើមរាំង»ក៏បានទំនាក់ទំនងទៅលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បន្ថែមទៀត!។ដោយលោកអះអាងថា ករណីខាងលើលោកបាន សុំគោលការណ៍ ពីអភិបាលខេត្ត ដើម្បីចុះពិនិត្យជាក់ស្ដែង នៅថ្ងៃចន្ទទី១ ខែកក្កដា ឆ្នាំ២០២៤។
លោកប្រធានមន្ទីរបន្តថា ការចុះទៅពិនិត្យនោះ គឺដើម្បីផ្ទៀងផ្ទាត់អំពីតម្លៃយកភាស៊ីជាក់ស្ដែង និងសៀវភៅបន្ទុក…!។

យ៉ាងណាក៏ដោយលោក ឈាង ស៊ាវី មេឃុំកំពង់ពពិល បានថ្លែងប្រាប់«ដើមរាំង»ថា អ្នកលក់សាច់ជ្រូក សាច់គោ មាន់ទា គឺ១ថ្ងៃ គេយកភាស៊ីចំនួន១.០០០រៀលប្រាកដមែន។ លោកមេឃុំបន្តថា ចំពោះអ្នកលក់បន្លែ គេយកចំនួន៥០០រៀល។

-ក្នុងរឿងនេះក្រុមអាជីវករ សូមស្នើដល់លោក ចេម ប្រា អភិបាលស្រុកពារាំង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រួមនិងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ឱ្យផ្អាកការយកភាស៊ី ពីពួកគាត់ ដោយក្ដីអនុគ្រោះ…!។
ដោយផ្អែកថា ពេលនេះពួកខ្លួនកំពុងជួបការលំបាកខ្លាំង ក្នុងការ រុះរើប្ដូរទីតាំង មកលក់ដូរកន្លែងថ្មី..!។
ម្យ៉ាងវិញទៀត ទីតាំងដែលពួកគាត់ កំពុងលក់ដូរនៅពេលនេះ គឺពុំមែនជាដីផ្សារ ផុតដែនវិនិយោគផ្សារ ហើយម្ចាស់ភាស៊ី ក៏ពុំបានរៀបចំកន្លែង ឱ្យពួកគាត់លក់ដូរអ្វីដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *