ក្រសួងព័ត៌មាន ប្រកាសថាមានជនខិលខូច ប្រើប្រាស់គេហទំព័រចំនួន២ ដើម្បីឆបោក និងលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់!

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧.០៦.២០២៤ បានប្រកាសថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងព័ត៌មានបានពិនិត្យឃើញថា មានការផ្សព្វផ្សាយតាមប្រព័ន្ធ តេឡេក្រាមអំពីការផ្តល់ជំនួយជាថវិកាដល់ប្រជាជនកម្ពុជាចន្លោះពី ៥០០ ដុល្លារ ទៅ ១៥០០ ដុល្លារអាម៉េរិក ដោយគ្រាន់តែបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលក្នុងនោះក៏មានភ្ជាប់ការប្រើប្រាស់រូបភាពរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងរូបប្រជាជន ដើម្បីជាការអូសទាញផងដែរ។ ផ្អែកតាម ការស្រាវជ្រាវរបស់សមត្ថកិច្ច ជនខិលខូចបានប្រើប្រាស់គេហទំព័រ: joinclaim-now.khmertelegv1.site ដែលបានប្រើប្រាស់បច្ចេកទេសដើម្បីបិទបាំងអត្តសញ្ញាណនិងព័ត៌មានផ្ទាល់ខ្លួន នៅក្នុងគោលបំណងដើម្បី ឆបោក និងបង្កើតឡើងក្នុងគោលដៅទុច្ចរិតដើម្បីលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់។

យោងតាមការស្រាវជ្រាវ វិធីសាស្ត្របោកបញ្ឆោតដែលក្រុមជនខិលខូចបានប្រើប្រាស់រួមមាន ៖

១- ផ្សព្វផ្សាយថា មានការផ្តល់ប្រាក់ចំនួន ៥០០ ដុល្លារ ដោយតម្រូវឱ្យចូលទៅកាន់គេហទំព័រដូចបានរៀបរាប់ ខាងលើដែលគេបានរៀបចំទុក និងតម្រូវឱ្យវាយបញ្ចូលលេខទូរស័ព្ទ។

២- ក្រោយមកនឹងមានសារលេខសម្ងាត់ (OTP) ផ្ញើទៅគណនីតេឡេក្រាមជនរងគ្រោះ។

៣- ជនរងគ្រោះតម្រូវឱ្យបញ្ចូលលេខ OTP នោះនៅក្នុង គេហទំព័រម្តងទៀត។

៤- ក្រោយមុខសញ្ញាលួចបានព័ត៌មានលេខទូរស័ព្ទ និងលេខសម្ងាត់ OTP ហើយ មុខសញ្ញា អាចធ្វើការគ្រប់គ្រងគណនីតេឡេក្រាមរបស់ជនរងគ្រោះបានជាស្រេច និងយកទៅធ្វើសកម្មភាពឆបោក ប្រាក់ផ្សេងៗ។

សូមបញ្ជាក់ថា កន្លងមកមុខសញ្ញាបង្កើតគេហទំព័រឈ្មោះ cambodia-checking-status.online បាន ប្រើប្រាស់មធ្យោបាយ និងរូបភាពដូចគ្នាដើម្បីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ហើយបច្ចុប្បន្ននេះ គេហទំព័រ ទាំងពីរនេះត្រូវបានបិទហើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងសូមមេត្តាប្រុងប្រយ័ត្នកុំបើកលើតំណរដែលមានការសង្ស័យ និងមិនមានព័ត៌មានច្បាស់លាស់ ដើម្បីចៀស វាងការចាញ់កលឆបោក និងត្រូវបានជនខិលខូច លួចយកគណនីតេឡេក្រាមយកទៅធ្វើសកម្មភាពឆបោក បន្តផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *