(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន”សមាគមសិល្បករខ្មែរ”កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។
បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ..!។
នៅក្នុងសារលិខិតនោះមានខ្លឹមសារដូច្នេះថា«តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។
មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។
ដោយឡែកសម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕