ប៉ូលីសទួរគី បានចាប់ខ្លួនជនសង្ស័យ IS ចំនួន១០នាក់!

ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា៖ ប៉ូលីសទួរគី បានឃាត់ខ្លួនសមាជិកក្រុមរដ្ឋឥស្លាម (IS) ចំនួន១០នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍។

-អង្គភាពប្រឆាំងភេរវកម្មនៃនាយកដ្ឋាននគរបាលទីក្រុងអ៊ីស្តង់ប៊ុល បានផ្តួចផ្តើមប្រតិបត្តិការនេះ ។
បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យដែលជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពជាមួយសមាជិក IS នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ភាគខាងជើង។

យោងតាមរបាយការណ៍ នគរបាល បានកំណត់អត្តសញ្ញាណជនសង្ស័យថាជា ប្រយុទ្ធជនភេរវកម្ម មានសញ្ជាតិបរទេស ដែលចាត់ទុកថា ជាការគំរាមកំហែងដល់ប្រទេសនេះ។

សារព័ត៌មាន Anadolu បានបន្ថែមថា ប្រតិបត្តិការដំណាលគ្នា ធ្វើឡើងនៅអាសយដ្ឋានចំនួន ១៧ផ្សេងៗគ្នា នៅទូទាំងសង្កាត់ចំនួន ៧ ហើយជនសង្ស័យដែលឃាត់ខ្លួនត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

រដ្ឋាភិបាលទួរគី បានចាត់ទុកក្រុម IS ជាអង្គការភេរវកម្ម នៅក្នុងឆ្នាំ ២០១៣ ដោយបានបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០១៥ រួមទាំងការវាយប្រហារកាលពីខែមករា ទៅលើព្រះវិហាររ៉ូម៉ាំងកាតូលិក នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *