Update៖ កូរ៉េខាងជើងថា ខ្លួនធ្វើតេស្ដមីស៊ីល ដែលសមត្ថភាពអាចពាំក្បាលគ្រាប់ទម្ងន់ជាង៤តោន បានដោយជោគជ័យ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មី ដែលមានសមត្ថភាព អាចពាំក្បាលគ្រាប់ខ្នាតយក្សទម្ងន់៤.៥តោន ប្រកបដោយជោគជ័យ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

កាលពីថ្ងៃចន្ទ កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួន ២គ្រាប់ ។
ហើយក្នុងនោះការធ្វើតេស្ដមីស៊ីលគ្រាប់ទី២ បានទទួលបរាជ័យ ដោយផ្ទុះនៅលើអាកាស។

បើយោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលគ្រាប់ទី១ ដែលទំនងជាមីស៊ីល KN-23 របស់កូរ៉េខាងជើង ហោះបានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ។

ដោយឡែក ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA មិនបាននិយាយពីការធ្វើតេស្ដមីស៊ីលគ្រាប់ទី២នេះនោះទេ។
ប៉ុន្តែ បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលបាលិស្ទីគតាក់ទិក ស៊េរីថ្មីមួយ ឈ្មោះ Hwasongpho-11 Da-4.5 តាមរយៈការសាកល្បងបំពាក់ក្បាលគ្រាប់ទម្ងន់ធ្ងន់មួយឱ្យដូចជាពិតៗ ដើម្បីផ្ទៀងផ្ទាត់ពីស្ថិរភាពនៃការហោះហើរ និងភាពជាក់លាក់។

គួរបញ្ជាក់ថា Hwasongpho-11 ឬហៅកាត់ថា Hwasong-11 គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី (SRBM) អភិវឌ្ឍឡើងដោយកូរ៉េខាងជើង។
មីស៊ីលនេះក៏ត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា KN-23 និង KN-24 ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *