Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា បទឈប់បាញ់លុះត្រាតែអ៊ីស្រាអែល សម្រេចគោលដៅសិន!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នៅតំបន់Gaza លុះត្រាតែការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ ឬដល់គោលដៅដែលអ៊ីស្រាអែលចង់បាន…!។

ខណៈដែលការពិភាក្សា លើផែនការរបស់សហរដ្ឋអាមេរិក ដែលមានបំណងបញ្ចប់សង្រ្គាម រយៈពេលប្រាំបួនខែ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ។

ប្រាំថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ បានទទួលយកផ្នែកសំខាន់ នៃផែនការនេះ មន្ត្រីពីររូបមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយថា ក្រុមនេះកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើចុងក្រោយរបស់ខ្លួន។
លោក ណាតាន់យ៉ាហ៊ូ បានធ្វើកិច្ចពិភាក្សានៅល្ងាចថ្ងៃអាទិត្យ លើជំហានបន្ទាប់ក្នុងការចរចាលើផែនការបីដំណាក់កាល ។
ដែលត្រូវបានបង្ហាញកាលពីខែឧសភា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)ហើយកំពុងត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។

ទោះជាយ៉ាងណា ក្រុមហាម៉ាស បានទម្លាក់ចោលការទាមទារដ៏សំខាន់មួយរបស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ត្រូវប្តេជ្ញាចិត្តជាមុនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។
ជំនួសមកវិញ ក្រុមនេះនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យការចរចាសម្រេចបាន ពេញមួយដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍នៃកិច្ចព្រមព្រៀង នេះបើតាមប្រភពពីក្រុមហាម៉ាសបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍។

ប៉ុន្តែលោក ណាតាន់យ៉ាហ៊ូ បានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែល ពីការបន្តការប្រយុទ្ធគ្នាឡើយរហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច។

គោលដៅទាំងនោះត្រូវបានកំណត់នៅពេលចាប់ផ្តើមនៃសង្រ្គាម ដែលរួមមានការលុបបំបាត់កម្លាំងយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ក៏ដូចជាការសង្រ្គោះចំណាប់ខ្មាំងមកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *