(កំពង់ចាម)៖ ក្រោយកើតអំពើ«ចាប់ចងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ»មកលើលោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”នោះមក..!។
ឥឡូវទាំងជនរងគ្រោះ រួមនិងជនបង្កសរុបចំនួន៦នាក់ ត្រូវបានដោះលែងវិញទាំងអស់ នៅរសៀលថ្ងៃទី០៤.១២.២០២៣។
បន្ទាប់ពីប្រពន្ធនិងកូន របស់លោក អ៊ឹម ហាច ស្រែកយំសោកបោកខ្លួនតាមបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី០៣.១២.២០២៣ថា”ប្ដីខ្លួនត្រូវគេលាបពណ៌ទម្លាក់កំហុស ធ្វើទារុណកម្ម.យ៉ាងឃោឃៅ និងរងភាពអយុត្តិធម៌បំផុត”។
សូមជម្រាបថាៈ ករណីចាប់មនុស្សចងធ្វើទារុណកម្មនេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ អ៊ឹម ហាច”ហៅជាងហាចជាងហួយ”ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(ដោះលែង)។
រីឯជនសង្ស័យឈ្មោះ អ៊ឹម ផែន ភេទប្រុស នៅភូមិកើតហេតុ រួមនិងបក្ខពួកចំនួន៥នាក់ទៀត(ដោះលែង)។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២.១២.២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ..!។
ភ្លាមនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ!។
មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ! ។
លុះដល់ពេលកើតហេតុ លោក អ៊ឹម ហាច បានជិៈម៉ូតូចេញពីកន្លែងផឹកស៊ីដើម្បីវិលត្រឡប់មកផ្ទះរបស់ខ្លួន!។
ប៉ុន្តែដោយមិនអស់ចិត្តលោក អ៊ឹម ហាច ក៏បានជិៈម៉ូតូឆ្វែលទៅមើលកន្លែងរ៉ឺម៉កដឹកឈើ ដែលខ្លួនបានថតឡាយកាលពីរសៀល។
ពេលទៅដល់ ស្រាប់តែលេចមុខឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួកមកស្ទាក់វ៉ៃ និងធាក់ម៉ូតូលោក អ៊ឹម ហាច ។
បណ្ដាលឱ្យដួលលើផ្លូវលំ ហើយពួកគេស្រែកថា«ជាងហាច ជាងហួយ រំលោភចូលលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។
មិនតែប៉ុណ្ណោះឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក បានចាប់លោក អ៊ឹម ហាច ចងដៃចងជើងអូស ននៀលភក់មកក្បែរចិញ្ចើមផ្លូវជាតិលេខ៦ មើលទៅគួរឱ្យសង្វេគនិងខ្លោចផ្សារបំផុត។
ដោយថែមទាំងនាំគ្នា វាយតប់ជាន់ក.លោក អ៊ឹម ហាច ទាំងដៃជើងជាប់ចំណង និងថតបង្ហោះហ្វេសប៊ុក រួចចោទថា លោក អ៊ឹម ហាច រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ ទាំងកណ្ដាលយប់!។
ទាក់ទិនករណីនេះ ក្រោយបើកការស៊ើបអង្កេតសួរនាំសមត្ថកិច្ចរកឃើញថាៈ លោក អ៊ឹម ហាច បានចូលថតទីតាំងស្តុកឈើក្នុងដីឡូត៍គេ ដោយគ្មានការអនុញ្ញាត.ជាកំហុស១ក្នុងបទ”រំលោភលំនៅឋាន”។
រីឯភាគីលោក អ៊ឹម ផែន រួមនិងបក្ខពួក ដែលបានចាប់ចង ដៃជើងធ្វើទារុណកម្មលើលោក អ៊ឹម ហាច ជាកំហុស១ក្នុងបទ”ប្រើប្រាស់អំពើហិង្សាដោយចេតនា”។
ជុំវិញករណីនេះ ក្រោមការសម្របសម្រួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំផ្ទាល់ដោយលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងមានការអនុញ្ញាតពីឯកឧត្ដមព្រះរាជអាជ្ញា ខេត្តកំពង់ចាម ទើបភាគីទាំង២ សុខចិត្តដកពាក្យបណ្ដឹងរៀងខ្លួន និងបានវិលត្រឡប់មកផ្ទះវិញ។
គួរម្លឹកថាៈ កាលពីល្ងាចថ្ងៃទី០៣.១២.២០២៣ ម្សិលមិញលោកស្រី ខេង សុខជា ត្រូវជាប្រពន្ធរបស់លោក អ៊ឹម ហាច រួមនិងកូនតូច បានស្រែកទ្រហោយំជាខ្លាំង.នៅមុខអធិការដ្ឋាននគរបាលស្រុកជើងព្រៃ..!។
ព្រោះហួសចិត្ត និងប្ដីរបស់ខ្លួន ដែលត្រូវគេចាប់ធ្វើទារុណកម្មយ៉ាងឃោឃៅ! ដោយចោទថា រំលោភលំនៅដ្ឋានគេ ប៉ងរំលោភប្រពន្ធគេ ។
ដោយអ្នកស្រីអះអាងថា ជាការលាបពណ៌ទម្លាក់កំហុស ព្រោះគេខឹងប្ដីអ្នកស្រី ទៅឡាយរ៉ឺម៉កដឹកឈើរបស់គេ៕