អ៊ីរ៉ាក់ថ្កោលទោស ទួរគី ដែលលុកលុយចូលក្នុង តំបន់ឃើឌីស្ថាន!

ក្រុមប្រឹក្សាសន្តិសុខជាតិ ប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសចំពោះការលុកលុយរបស់យោធាប្រទេសទួរគី ចូលក្នុងតំបន់ឃើឌីស្ថាន កាលពីថ្ងៃពុធ ។
ដោយអះអាងថា នេះជាការបំពានលើដែនអធិបតេយ្យភាព របស់ប្រទេសអ៊ីរ៉ាក់។

ការិយាល័យរបស់នាយករដ្ឋមន្រ្តី លោកម៉ូហាម៉េដ សៀ អាល់ ស៊ូដានី(Mohammed Shia al-Sudani) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាបានទាមទារឱ្យប្រទេសទួរគី គោរពភាពជាអ្នកជិតខាងល្អ និងការប្រារស្រ័យទាក់ទងផ្នែកការទូត។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានចាត់តាំងគណៈប្រតិភូមួយក្រុមទៅធ្វើទស្សនកិច្ចនៅតំបន់ឃើឌីស្ថាន ដើម្បីវាយតម្លៃអំពីស្ថានភាព និងបង្កើតការឆ្លើយតបរួម។

ប្រព័ន្ធផ្សព្វផ្សាយរបស់ជនជាតិឃឺដ បានរាយការណ៍ថា ទាហានទួរគី បានចូលមកទឹកដីអ៊ីរ៉ាក់ នៅជិត តំបន់ Amedi ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រទេសទួរគី ជារឿយៗធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនប្រឆាំងក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ(PKK) មានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

គណបក្សពលករឃឺដ(PKK) ត្រូវបានចាត់ទុកថាជាក្រុមភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *