(រតនគិរី)៖ មន្ត្រីនៃមន្ទីរកសិកម្មខេត្តម្នាក់រតនគិរីម្នាក់ ត្រូវប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើល នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី៣ ខែធ្នូ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ហ៊ឹប លេខ អាយុ៤៩ឆ្នាំជាមន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី ស្រុកកំណើតខេត្ត បាត់ដំបង។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃ៣ ខែធ្នូក ម្លាំងប៉ុស្តិ៍បានទទួលដំណឹងថា ម្ចាស់ផ្ទះជួលបានទូរស័ព្ទ ទៅអ្នកជួលដើម្បីទូទាត់ថ្លៃបន្ទប់ជាច្រើនលើក គឺមិនមានការឆ្លើយតបឡើយ។ពេលនោះម្ចាស់ផ្ទះ ជួលក៏បានទៅគោះទ្វារបន្ទប់ជាច្រើនដង ក៏នៅតែគ្មានការឆ្លើយតបដដែល។
បន្ទាប់មកកម្លាំងនគរបាលលប៉ុស្តិ៍ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានឯកភាពគាស់ទ្វារបន្ទប់ដើម្បីចូលទៅពិនិត្យ សមត្ថកិច្ចក៏ឃើញបុរសរូបនោះស្លាប់នៅលើគ្រែ។
តាមការពិនិត្យនៃនគរបាលផ្នែកជំនាញខេត្ត ចុះធ្វើកោសល្យវិច្ឆ័យ បានបញ្ជាក់ថា សពអាចស្លាប់ដោយសារគាំងបេះដូង ព្រោះមិនមានស្លាកស្នាមគួរឱ្យកត់សម្លាល់ពាក់ព័ន្ធបទល្មើសទេ។
ដោយមិនមានប្រភពណាអាចទាក់ទងទៅ ក្រុមគ្រួសារសពបានភ្លាមៗនោះ សមត្ថកិច្ចបានប្រគល់សពឱ្យប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ។
យកទៅកម្កល់នៅវត្តភូមិថ្មី ដើម្បីធ្វើបុណ្យ និងស្វែងរកសាច់ញាតិបន្តទៀត៕