(ព្រៃវែង)៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ក្នុងបំណងពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងពេលដងបន្ថែមទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តព្រៃវែង។
ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ សម្រាប់រយៈពេល១២ ខែ ចាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២។
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយផ្អែកទៅលើស្ថានភាពបច្ចុប្បន្នជាពិសេសវិស័យកសិកម្មដែលសព្វថ្ងៃកំពុងតែមានបញ្ហាប្រឈមនិងសត្វល្អិតបំផ្លាញស្រូវប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះឯកឧត្តម ណែនាំដល់មន្ទីរពាក់ព័ន្ធត្រូវខិតខំចិត្តទុកដាក់ចុះអនុវត្តចង្រឹង និងផ្ដល់ពិធីសាស្ត្របច្ចេកទេសនានាក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើតការទប់ស្កាត់ អំពីការបំផ្លាញសត្វល្អិតទៅលើដំណាំស្រូវរបស់គាត់។
ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសមត្ថភាព ដើម្បីធានាដល់សុខសុវត្ថិភាពការរស់នៅប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់៕