ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា)ថា៖ ចំនួនអ្នកស្លាប់ដោយសារបាក់ដី នៅក្នុងប្រទេសអេត្យូពី នាដើមសប្តាហ៍នេះ បានកើនឡើងដល់២៥៧នាក់ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងជិតទ្វេដង។
ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានបំណាក់ដីដែលបាក់ធ្លាក់កប់លើមនុស្សនៅតំបន់ ហ្គូហ្វា (Gofa) ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យ និងបាក់ធ្លាក់ជាលើកទីពីរកាលពីថ្ងៃចន្ទ បានកប់លើអ្នកដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ទីភ្នាក់ងារ UNOCHA បាននិយាយនៅក្នុងរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០នាក់ នេះបើយោងតាមព័ត៌មានដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន។
កាលពីថ្ងៃអង្គារ គណៈកម្មការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់អេត្យូពី បានដាក់ចំនួនអ្នកស្លាប់ត្រឹមចំនួន ២២៩នាក់ប៉ុណ្ណោះ។
លោក ដាកម៉ាវី អាយេលេ (Dagmawi Ayele) ប្រមុខគ្រប់គ្រងតំបន់ ហ្គូហ្វា នេះបាននិយាយថា រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន២២៦នាក់ហើយ ដែលត្រូវបានបញ្ចុះបន្ទាប់ពីពិធីបុណ្យសពមួយ ហើយកំពុងស្វែងរកសាកសពជាច្រើនបន្ថែមទៀត៕