Breaking៖ ក្រុមសកម្មប្រយុទ្ធអាល់-សាបាប ចំនួន៧នាក់ត្រូវបានសម្លាប់នៅប្រទេសសូម៉ាលី!

រដ្ឋាភិបាលសូម៉ាលីបានបញ្ជាក់ថា សមាជិកក្រុមសកម្មប្រយុទ្ធ អាល់សាបាប (Al-Shabab) ចំនួន៧នាក់ ត្រូវបានសម្លាប់បន្ទាប់ពីពួកគេធ្វើការវាយប្រហារលើពន្ធនាគារសុវត្ថិភាពខ្ពស់មួយនៅកណ្តាលទីក្រុង Mogadishu កាលពីល្ងាចថ្ងៃសៅរ៍។
ប្រភពពីសារព័ត៌មានBBCនៅថ្ងៃទី៧ខែតុលា។

ការវាយប្រហារនេះបានចាប់ផ្តើមនៅម៉ោងប្រហែល ៤:៤០ ល្ងាច តាមម៉ោងក្នុងស្រុក (១៣:៤០ GMT) ដោយមានសម្លេងផ្ទុះដ៏ខ្លាំង និងការបាញ់ប្រហារពេញបរិវេណ Godka Jilicow ដែលជាមជ្ឈមណ្ឌលឃុំឃាំងសម្ងាត់សម្រាប់អ្នកជាប់ឃុំដែលជាសមាជិកអាល់-សាបាប និងជនសង្ស័យសន្តិសុខជាន់ខ្ពស់។

តាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Sonna Live, ពួកសកម្មប្រយុទ្ធបាន ក្លែងខ្លួនជាទាហានរដ្ឋាភិបាល ដើម្បីចូលទៅក្នុងតំបន់ និងធ្វើការវាយប្រហារ។ រដ្ឋាភិបាលបាននិយាយថា កងកម្លាំងសន្តិសុខបានឆ្លើយតបភ្លាមៗ និងសម្លាប់អ្នកវាយប្រហារទាំង៧នាក់។

ប៉ុន្តែរដ្ឋាភិបាលមិនទាន់បង្ហាញចំនួនអ្នកស្លាប់ និងរបួសនៅចំណោមកងកម្លាំងសន្តិសុខរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានចេញសាររួមរំលែកទុក្ខដល់គ្រួសារវីរបុរសដែលបានបាត់បង់ជីវិតក្នុងការពារជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *