សារព័ត៌មានរដ្ឋអេហ្ស៊ីប បានរាយការណ៍ថា៖ អ្នកសម្របសម្រួលអេហ្ស៊ីប.កាតា.អាមេរិក នឹងជួបជាមួយអ្នកចរចាអ៊ីស្រាអែល នៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ក្នុងបំណងចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
ជំនួបរវាងមន្ត្រីអេហ្ស៊ីប និងសមភាគីអាមេរិក និងកាតា ទល់មុខជាមួយប្រមុខចារកម្មអ៊ីស្រាអែល នឹងត្រូវធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យ។
ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា នេះបើយោងសារព័ត៌មាន Al-Qahera មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អេហ្ស៊ីប ។
ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការដកស្រង់សម្តីរបស់ មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលមិនត្រូវបានបង្ហាញឈ្មោះ។
ប្រទេសអេហ្ស៊ីប រួមជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើន ខែមកហើយ ។
ក្នុងគោលបំណងបញ្ចប់សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងតែរាលដាលនៅតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេលជាង៩ខែមកនេះ។
កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានស្នើឡើង នឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល។
សារព័ត៌មានអាមេរិក Axios បានរាយការណ៍ដាច់ដោយឡែកថា នាយក CIA លោក Bill Burns ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាលើបញ្ហានេះនៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យជាមួយមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីប។
មន្ត្រីបាននិយាយថា អេហ្ស៊ីប ទទូចលើ បទឈប់បាញ់បន្ទាន់ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលនឹងធានាបានផងដែរនូវដំណើរការចូលនៃជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា និង ការពារសេរីភាពនៃការធ្វើដំណើររបស់ជនស៊ីវិល នៅក្នុងទឹកដីប៉ាឡេស្ទីន៕