អាជ្ញាធរអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃសៅរ៍ថា៖ មនុស្ស១១នាក់បានស្លាប់ និង៣៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយកាំជ្រួច នៅភាគខាងជើងនៃតំបន់ Golan Heights។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ក្រុម Hezbollah នៃការវាយប្រហារ។
ប៉ុន្តែក្រុមលីបង់ បានបដិសេធចំពោះការវាយប្រហារនេះ.!។
សេវារថយន្តសង្គ្រោះជាតិ របស់អ៊ីស្រាអែល Magen David Adom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស 11 នាក់បានស្លាប់ និង 37 នាក់ផ្សេងទៀតបានរងរបួស ដោយសារតែកាំជ្រួចបានធ្លាក់លើទីក្រុង Majdal Shams នៅភាគខាងជើង Golan Heights ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា 17 នាក់ក្នុងចំណោម អ្នករងរបួសគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សម្រាប់ផ្នែករបស់ខ្លួន កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រ និងកងកម្លាំងកងទ័ពអ៊ីស្រាអែល សហការជាមួយ Magen David Adom កំពុងធ្វើការដើម្បីជម្លៀសអ្នកស្លាប់ និងរបួសចេញពី Majdal Shams។
ទន្ទឹមនឹងនេះ ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងតាមដានប្រតិបត្តិការនៅ Majdal Shams។
មុននេះកងទ័ពអ៊ីស្រាអែល បាននិយាយថា កាំជ្រួចមួយ មិនមែនយន្តហោះគ្មានមនុស្សបើកទេ ត្រូវបានបាញ់ទៅលើ Majdal Shams។
ក្រុមអ្នកតស៊ូអ៊ីស្លាម នៅក្នុងប្រទេសលីបង់ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលធ្វើឡើង ដោយប្រព័ន្ធផ្សព្វផ្សាយរបស់សត្រូវមួយចំនួន និងវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ អំពីគោលដៅទៅលើ Majdal Shams។
ភាពតានតឹងបានកើនឡើង នៅតាមព្រំដែននៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល ចំពេលមានការវាយប្រហារឆ្លងព្រំដែនរវាងក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល ខណៈដែលទីក្រុង Tel Aviv បន្តទៅមុខជាមួយនឹងការវាយលុកដ៏សាហាវរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 39,300 នាក់ចាប់តាំងពីខែតុលាឆ្នាំមុន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់៕