(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ប្រតិបត្តិការរុករកបានកំពុងតែរៀបចំនូវការដឹកជញ្ជូនសពអាកាសយានិកទាំងពីររូប។
ប៉ុន្តែការដឹកជញ្ជូននេះ បានជួបប្រទះការលំបាកជាច្រើនដូចជា ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់មានជ្រោះជ្រៅទឹកហូរខ្លាំងហើយភ្នំចោទដូច្នេះគឺ ពេលវេលាដែលអាចដឹកជញ្ជូននេះអាចប្រើពេលវេលារហូតដល់០៧ ឬ០៨ថ្ងៃ ឯកម្លាំងដែលដឹកជញ្ជូននេះ មានការទ្រុឌទ្រោមខ្លាំង ក្នុងការដឹកជញ្ជូន។
នាយឧត្តមសេនីយ៍ បន្តថា ផ្អែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឲ្យគណៈបញ្ជាការរុករក ។
សម្រេចធ្វើការបូជាសពនៅក្បែទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះតែម្ដង ដើម្បីសម្រួលក្នុងការដឹកជញ្ជូន។
ចំពោះ អដ្ឋិធាតុអាកាសយានិកទាំងពីររូប នឹងត្រូវដឹកមកដល់ភ្នំពេញនៅថ្ងៃនេះ រីឯការប្រារព្ធពិធីជាផ្លូវការផ្នែកសាសនា និងផ្នែកយោធា ក្រសួងការពារជាតិ នឹងរៀបចំនៅភ្នំពេញ។
សូមជម្រាបថា ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 បានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
យោងលិខិតស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ–ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។
ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ។
-កាលពីរសៀលថ្ងៃទី២៩.០៧.២០២៤ ក្រុមអ្នករុករកបានប្រទះឃើញ សាកសពលោក ខេង ឆៃយុទ្ធ ស្លាប់ក្នុងឧទ្ធម្ភាគចក្រយោធា Z9 ។
ដែលបានធ្លាក់នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លុះដល់ព្រឹកទី៣០.០៧.២០២៤ ក្រុមអ្នករុករកបានបន្ត ប្រទះឃើញសាកសពលោក ស៊ុន ផ្លា ចម្ងាយពីកន្លែងកើតហេតុ ប្រមាណជា ២១០ម៉ែត្រប៉ុណ្ណោះ៕