ប្រសាសន៍សម្តេចធិបតី ក្នុងពេលជួបសំណេះសំណាល និងពិសាភោជនាហារ ជាមួយឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាន!

(ភ្នំពេញ)៖ នៅរសៀលទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ដែលរៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។

ក្នុងឱកាសនោះសម្តេចធិបតី បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងសូមអរគុណលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល នៃសមាគមទាំងពីរ ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហការធុរកិច្ច, មិត្តភាព និងសាមគ្គីភាព នៃសមាជិក ក៏ដូចជាសមាគមទាំងពីរ។

សម្តេចធិបតី បានថ្លែងថា ផ្អែកតាមរបាយការណ៍ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជាមានសមាជិកចំនួន៤១០ រូប និងត្រូវបានដឹកនាំដោយកុម ប្រឹក្សាភិបាល ដែលមានអាណត្តិ ៥ឆ្នាំ ជាមួយនឹងគណៈកម្មការជំនាញចំនួន៤ និងអគ្គ-លេខាធិការដ្ឋាន ដែលជាសេនាធិការរបស់សមាគមទទួលបន្ទុកការងារប្រចាំថ្ងៃ។

សម្តេចធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលគិតមកត្រឹមឆ្នាំ២០២៣ មានចំនួន១៤៣២រូប ដែលជានិច្ចកាលតែងតែ ចូលរួមក្នុងសកម្មភាពសង្គមនានា ដូចជា សកម្ម- ភាពមនុស្សធម៌ និងសប្បុរសធម៌យ៉ាងច្រើននាពេលកន្លងមក ជាពិសេសក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចធិបតី កត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលជារឿយៗតែង តែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជារៀងរាល់ឆ្នាំ ចូលរួមបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ចូលរួមបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA), ចូលរួមបរិច្ចាគថវិកាកសាងអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា, ជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត, កសាងសារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សម រាជបូណ៌ ជាដើម។

សម្តេចធិបតី ថ្លែងថា ដើម្បីជួយវិស័យឯកជនចំទិសដៅ គឺត្រូវតែជួប និងសួរផ្ទាល់ជាមួយវិស័យឯកជន។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។

សម្តេចធិបតី បានថ្លែងថា ចង់ជួយប្រជាពលរដ្ឋ ត្រូវជួយដល់វិស័យឯកជន ដែលជាអ្នកនាំការងារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងអំណរគុណលោកស្រី ជា សេរី និងធនាគារ ដែលបានជួយសម្របសម្រួលដល់ការចាយក្រដាសប្រាក់ដុល្លារចាស់ៗ។

សម្តេចធិបតី បានថ្លែងថា លុយដុល្លារចាស់ៗចាយមិនបាន តម្រូវឱ្យធនាគារកម្ពុជា ដឹកយកទៅដូរនៅអាមេរិក។
កន្លងទៅដុល្លារចាស់ប្រមាណ ១១លានដុល្លារត្រូវដឹកទៅដូរនៅអាមេរិក ត្រូវចំណាយការដឹកជញ្ជូនប្រមាណ ៣៥ម៉ឺនដុល្លារ។
សម្តេចធិបតី បានថ្លែងថា ការបើកយន្តការសម្របសម្រួលចាយលុយដុល្លារចាស់ៗនៅសៀមរាប ក្រៅពីសម្រួលដល់ការធ្វើអាជីវកម្ម សម្រួលអ្នកទេសចរហើយនោះ ក៏ជាការស្ទង់មើលតើលុយដុល្លារចាស់ហូរចូលកម្ពុជាឬយ៉ាងណា?

សម្តេចធិបតី ប្រកាសឱ្យអនុវត្តន៍យន្តការសម្រួលចាយលុយដុល្លារចាស់ៗនៅទូទាំងប្រទេស។
សម្តេចធិបតី រំពឹងថា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន និងអាជីវករ ចូលរួមបន្ធូរបន្ថយចាយលុយដុល្លារចាស់ៗ ឬទក់។
សម្តេចធិបតី លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរចាយប្រាក់រៀល។

សម្តេចធិបតី បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ អ្នកដំណើរបរទេសអាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកតែម្តង។
សម្តេចធិបតី បានថ្លែងរំពឹងថា អ្នកពាក់ព័ន្ធទាំងអស់នឹងយកចិត្តទុកដាក់លើបដិសណ្ឋារកិច្ចចំពោះអ្នកដំណើរចូលមកប្រទេសកម្ពុជា។

សម្តេចធិបតី បើកទូលាយការស្លៀកពាក់តាមប្រពៃណីរបស់ជាតិសាសន៍ទាំងអស់នៅតំបន់អង្គរ តែមិនត្រូវធ្វើសកម្មភាពដែលនាំឲ្យមានការប៉ះពាល់ និងត្រូវហាមឃាត់។
សម្តេចធិបតី បានប្រកាសថា សម្តេចបានប្រជុំជាមួយអ្នកពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅរមណីយដ្ឋានអង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនលើការថតរូប និងការស្លៀកពាក់បែបប្រពៃណី។

សម្តេចធិបតី បានឱ្យដឹងថា ថតរូបសម្រាប់ធ្វើអាជីវកម្ម ត្រូវសុំច្បាប់ និងបង់ថ្លៃសេវា, ថតមិនប្រើអាជីវកម្ម សុំច្បាប់ តែមិនតម្រូវឱ្យបង់ថ្លៃ សម្រាប់ស្ថាប័នសារព័ត៌មាន។
ក្រៅពីលក្ខខណ្ឌពីរនេះ គឺថតបានមួយសេរី រាប់ទាំងអ្នកថត Pre Wedding ផងដែរ។

សម្តេចធិបតី លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅថតជាលក្ខណៈឯកជននៅតំបន់អង្គរ សូមអញ្ជើញទៅថតចុះ ដោយមិនមានការហាមឃាត់នោះឡើយ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍របស់យើង។ លើកលែងតែថតដើម្បីអាជីវកម្មត្រូវស្នើសុំ និងបង់លុយ។

សម្តេចធិបតី បានស្នើសុំរាល់សកម្មភាពថតគួរមានសីលធម៌ មិនត្រូវថតដែលដែលប៉ះពាល់ដូចជា ដោះអាវ ច្រង៉េងច្រង៉ាង ត្រូវធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ទាំងអស់គ្នា។

សម្តេចធិបតី បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។
សម្តេចធិបតី ប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។

សម្តេចធិបតី រំលឹកថា ពេលរៀននៅក្រៅប្រទេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហាមផ្តាច់មិនឱ្យសម្តេចយកភរិយាជាជនបរទេសនោះឡើយ។
សម្តេចធិបតី ថ្លែងថា សម្តេចគ្មានផែនការវេចបង្វេចរត់ចោលប្រទេសនេះឡើយ ដូច្នេះសម្តេចត្រូវតែការពារប្រទេសនេះ។

សម្តេចធិបតី បានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។
ដោយឡែកអត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ។
សម្តេចធិបតី សួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឱ្យខ្លោច រោចឱ្យឆៅ?។

សម្តេចធិបតី បានចោទសួរទៅក្រុមមនុស្សដែលចង់រុញស្ថានការណ៍កម្ពុជា ឱ្យដូចនៅបង់ក្លាដេស មានបានទៅសួរពលរដ្ឋបង់ក្លាដេសថា ចង់បានបញ្ហាបែបនោះដែរទេ?
សម្តេចធិបតី ប្រកាសថា នឹងចាត់គ្រប់វិធានការមិនអនុញ្ញាតឱ្យមានហេតុការណ៍បង់ក្លាដេស កើតមាននៅកម្ពុជានោះឡើយ។

សម្តេចធិបតី បានថ្លែងថា បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ បោះរាប់រយបង្គោល គឺដើម្បីការពារបូរណភាពទឹកដី។
សម្តេចធិបតី បានថ្លែងថា ពេលសម្តេចនៅជាមេទ័ពជើងគោក សម្តេចគ្មានគោលការណ៍ដកលេណដ្ឋានទ័ពចេញពីតាមបន្ទាត់ព្រំដែននោះឡើយ។ ប៉ុន្តែអ្នកធានានិរន្តរភាពបូរណភាពទឹកដី គឺប្រជាពលរដ្ឋរស់នៅតាមព្រំដែន។

សម្តេចធិបតី បានថ្លែងថា នៅលើលោកនេះមិនទាន់មានប្រទេសធ្វើរបងព្រំដែននោះទេ សូម្បីតែប្រទេសមហាអំណាច។ ដូច្នេះមានតែការរុញពលរដ្ឋឱ្យរស់នៅតាមព្រំដែន។
សម្តេចធិបតី បានថ្លែងថា សម្តេចបានចារឱ្យកងវិស្វកម្មធ្វើផ្លូវក្រវាត់ព្រំដែន ឱ្យរហូតដល់កន្ទុយនាគតែម្តង។

ស​ម្តេចធិបតី បានថ្លែងថា ពលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែននេះតែម្តង។
សម្តេចធិបតី បានថ្លែងថា រយៈពេល២៥ឆ្នាំ ពលរដ្ឋនៅខេត្តទាំង៤ភាគឦសាន មានកំណើនជានិច្ច។

សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដីខ្មែរទាំង៤ខេត្តនៅភាគឦសាន មិនបាត់បង់ទៅណានោះឡើយ។
សម្តេចធិបតី បានថ្លែងថា កិច្ចព្រមព្រៀង CLV មិនអនុញ្ញាតឱ្យមានលំហូរពលរដ្ឋប្រទេសទាំង៣ ដោយខុសច្បាប់នោះឡើយ។

សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ។
សម្តេចធិបតី បានថ្លែងថា ច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ ត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ ៩០ភាគរយឡើងទៅ។

សម្តេចធិបតី បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។
សម្តេចធិបតី បានថ្លែងអំពាវនាវពលរដ្ឋទៅលេងខេត្តភាគឦសានទាំង៤ ឱ្យបានច្រើន បើបារម្ភខ្លាចបាត់បង់។

សម្តេចធិបតី អំពាវនាវឱ្យសមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា នាំគ្នាទៅវិនិយោគខេត្តភាគឦសានឱ្យបានកាន់តែច្រើន។
សម្តេចធិបតី គ្រោងរៀបចំកម្មវិធីដឹកយុវជនទៅលេងខេត្តទាំង៤នៅភាគឦសាន។

សម្តេចធិបតី បានថ្លែងថាក្នុងតំណែងជានាយករដ្ឋមន្ត្រីមិនធ្វើឱ្យកម្ពុជាបាត់បង់ដីភាគឦសាននោះឡើយ មានតែដាក់ចេញគោលការណ៍អភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី បានថ្លែងថា សម្តេចនឹងដាក់ចេញគោលការណ៍អនុគ្រោះសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន៕

Leave a Reply

Your email address will not be published. Required fields are marked *