កម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។
ខណៈជនជាតិប៉ាឡេស្ទីន ជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី៦ ខែធ្នូ ឆ្នាំ២០២៣។
ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុត ក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ។
ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក កងកម្លាំងអ៊ីស្រាអែល បាននិយាយថាកងទ័ពរបស់ខ្លួនដោយមានការគាំទ្រពីយន្ដហោះចម្បាំង ។
បានវាយសម្រុកចូលដល់កណ្ដាលបេះដូងនៃទីក្រុង Khan Younis ហើយ និងកំពុងឡោមព័ទ្ធទីក្រុងមួយនេះ។
កងទ័ពអ៊ីស្រាអែល ក៏កំពុងប្រយុទ្ធផងដែរជាមួយក្រុមហាម៉ាសនៅឯជំរំជនភៀសខ្លួន Jabalia ទីក្រុងហ្កាហ្សា និងទីក្រុងស៊ូចាយយ៉ា (Shuja’iyya)។
ចំណែក កងពលតូច អាល់កសឹម (al Qassam) របស់ក្រុមហាម៉ាសវិញបានអះអាងថាអ្នកប្រយុទ្ធរបស់ខ្លួនបានកម្ទេច ឬធ្វើឱ្យខូចខាតយានយោធាអ៉ីស្រាអែល ២៤គ្រឿង រីឯក្រុម snipers បានបាញ់ទាហានអ៊ីស្រាអែលស្លាប់ និងរបួស៨នាក់ ក្នុងការប្រយុទ្ធគ្នានៅទីតាំងជាច្រើនក្នុងទីក្រុង Khan Younis។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើ ទីក្រុង ដៃ អាល់បាឡាស (Deir al-Balah) ស្ថិតនៅភាគខាងជើងទីក្រុង Khan Younis។
ព្រមពេលជាមួយគ្នា ប្រធានមន្ទីរពេទ្យស៊ូហាដា អាល់អឹកស (Shuhada Al-Aqsa Hospital) ក្នុងទីក្រុងដៃ អាល់បាឡាស បានប្រាប់ Reuters ថាមនុស្សយ៉ាងហោច ៤៥នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល៕