សម្តេចធិបតី ថ្លែងថាមាតុភូមិរបស់យើងបានឆ្លងកាត់សុបិនអាក្រក់ យើងដាច់ខាតមិនឱ្យកើតឡើងសារជាថ្មីនោះឡើយ!

(កណ្ដាល)៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាតុភូមិរបស់យើង បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនដែលយើងដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងសារជាថ្មីនៅលើទឹកដីប្រកបដោយសក្តានុពលនិងថាមពលនេះឡើយ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុង បានធ្វើឱ្យទឹកដីខ្មែរ ដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំ រហូតដល់មហានគរ បានក្លាយទៅជាដែនដីនៃចម្បាំងនិងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ព្រាត់ប្រាសនិងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិជាអារិយប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើរតែរបូតចេញពីផែនទីពិភពលោក។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ទឹកដីដ៏ផូរផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត រហូតដល់ឥស្សរជន និងវីរជនស្នេហាជាតិយើងជាច្រើន បានយកជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *