មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC)របស់អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៤ ខែសីហា)ថា ការកើនឡើងនៅមហាសមុទ្រ កំពុងគំរាមកំហែងដល់អាយុជីវិត។
ខណៈព្យុះត្រូពិក Debby មានកម្លាំងខ្លាំងយ៉ាងឆាប់រហ័ស ប្រែក្លាយទៅជាព្យុះសង្ឃរា បោកបក់ដល់ដីគោក ក្នុងតំបន់ Big Bend នៃឈូងសមុទ្ររដ្ឋ Florida នៅថ្ងៃចន្ទនេះ។
មជ្ឈមណ្ឌលព្យុះសង្ឃរា បានព្យាករណ៍ពីលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត រួមមានទាំងព្យុះហក់ឡើងដល់កម្ពស់៣ ម៉ែត្រ នៅក្នុងតំបន់មួយចំនួន។
មជ្ឈមណ្ឌលនិយាយថា ខណៈព្យុះ ធ្វើដំណើរឆ្ពោះទៅភាគខាងជើងបន្តិចម្តងៗពេញមួយសប្តាហ៍ ព្យុះនេះអាចនាំមកនូវ ភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ ចន្លោះពី១០ ទៅ២០អ៊ីង (២៥និង៥០សង់ទីម៉ែត្រ) និងការជន់លិចដ៏មហន្តរាយដល់រដ្ឋ Georgia និងរដ្ឋ សៅ ខារ៉ូឡៃណា(South Carolina) ។
លោក Jamie Rhome នាយករងនៃមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិព្យាករណ៍ថាព្យុះ Debby នឹងនាំមកនូវបរិមាណទឹកភ្លៀងជាប្រវត្តិសាស្ត្រក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Rhome ក៏បាននិយាយផងដែរថាព្យុះDebby ត្រូវបានជំរុញដោយទឹកឈូងសមុទ្រមានកម្តៅខ្លាំងផងដែរ។
អ្នកវិទ្យាសាស្ត្រអាកាសធាតុជឿថា ការឡើងកម្តៅផែនដីបង្កឡើងដោយមនុស្សពីការដុតឥន្ធនៈហ្វូស៊ីលបានបង្កើនសីតុណ្ហភាពនៅមហាសមុទ្រ ធ្វើឱ្យព្យុះកាន់តែធំ និងមហន្តរាយកាន់តែខ្លាំង។
ការត្រៀមទប់ទល់សម្រាប់ព្យុះ Debby អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រមូលកងឆ្មាំជាតិចំនួន ៣.០០០នាក់ និងបានដាក់ទីក្រុង និងតំបន់ភាគច្រើនរបស់រដ្ឋ ឱ្យស្ថិតក្រោមបទបញ្ជាគ្រាអាសន្ន ខណៈការជម្លៀសប្រជាជនជាកាតព្វកិច្ច ត្រូវបានបញ្ជានៅផ្នែកមួយចំនួននៃតំបន់ឈូងសមុទ្រ។
លោក DeSantis បាននិយាយថា មានបុគ្គលិកជួសជុលបណ្តាញអគ្គិសនីជាង ១៧.០០០ នាក់ និងបុគ្គលិកអគ្គិសនីផ្សេងទៀត ត្រៀមដើម្បីស្តារថាមពលឡើងវិញ៕