(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញម្តងហើយម្តងទៀតថា ថ្នាក់ដឹកនាំនិងមន្ត្រីថៃគ្រប់ លំដាប់ថ្នាក់តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិតអំពី បញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបាន ចោទកម្ពុជាថា ជាអ្នកបាញ់មុន ជាអ្នករំលោភបទឈប់បាញ់ ជាអ្នកឈ្លានពានទឹកដីថៃ ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិថៃ ជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះទៅវិញ ខណៈដែលកម្ពុជាទៅវិញទេដែលជាអ្នករងគ្រោះ ពិតប្រាកដ។
ជាក់ស្តែង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ប្រមុខរាជរដ្ឋាភិបាលថៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ជាច្រើនក្នុងប្រទេសថៃថា «ថៃជាភាគីដែលរងការរំលោភបំពាននិងរងគ្រោះ» ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជា ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផលជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបថា ក្នុងនាមជា ប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេស ជិតខាង រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាង សូម្បីតែ មួយមីល្លីម៉ែត្រឡើយ និងរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបន្ទាន់នានា ដែលភាគីថៃបាននិងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវសារជាថ្មីដល់ភាគីថៃ សូមបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ មានតែវិធីនេះតែមួយគត់ដែលអាច ឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងភាពសុខសាន្តយូរអង្វែង៕