(ភ្នំពេញ)៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ -សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នារវាងប្រទេសទាំង៣ទេ។
ជាក់ស្តែង ផែនការមេអភិវឌ្ឍន៍ភាគឦសានរបស់យើង គឺយើងមាន២៥ឆ្នាំមកហើយ ក្នុងនោះការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង៣មានតិចណាស់ ហើយក៏មានផងដែរជំនួយពីជប៉ុន ឬ អាល្លឺម៉ង់ ប៉ុន្តែភាគច្រើននៃសំណង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចគឺខ្មែរធ្វើដោយខ្លួនឯងទាំងអស់នៅខេត្តទាំង៤ រួមទាំងវិស័យឯកជនផង ដូចជាការបង្កើតសាកលវិទ្យាល័យ បង្កើតគ្រឹះស្ថានឧត្តមសិក្សានៅខេត្តទាំងនោះដើម្បីឱ្យកូនខ្មែររៀននៅទីនោះ ឱ្យកូនខ្មែរកាន់តែខ្លាំង គឺខ្មែរធ្វើទាំងអស់ គ្មានបានដាក់ហ៊ុនជាមួយអ្នកណាឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើយើងជាអ្នកវិភាគ យើងត្រូវមើលសមិទ្ធផលនៅលើដីជាក់ស្ដែង។
ជាការពិត ពីមុនយើងអត់មានបង្គោលព្រំដែន យើងបោះបង្គោលព្រំដែន នៅពេលដែលបោះហើយ ដើម្បីកុំឱ្យបង្គោលព្រំដែនដើរ យើងធ្វើផ្លូវក្រវាត់នៅទីនោះទៀត ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងមើលឃើញរាល់ថ្ងៃ រួមទាំងអ្នកដែលព្រួយបារម្ភ អាចទៅមើលបានផងដែរ៕