សីតុណ្ហភាពនៅប្រទេសចិន កំពុងក្ដៅខ្លាំង ខណៈការដាំដុះស្ថិតក្រោមការគំរាមកំហែង!

កំដៅដ៏ខ្លាំងបានវាយប្រហារ ទីក្រុងធំៗ នៅលើឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ (6 សីហា)។
ខណៈពេលដែល សីតុណ្ហភាពក្តៅខ្លាំង ក្នុងតំបន់មួយចំនួនរបស់ប្រទេសចិន បានធ្វើឱ្យមានការភ័យខ្លាច នៃការខូចខាតដល់ដំណាំស្រូវ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ទីក្រុង ហាងចូវ (Hangzhou) ដែលមានប្រជាជនចំនួន ១២,៥លាននាក់ និងមានក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន បានហាមឃាត់រាល់ការបើកភ្លើងបំភ្លឺផ្លូវថ្នល់ដែលមិនចាំបាច់ក្នុងសប្តាហ៍នេះដើម្បីសន្សំថាមពល ខណៈបណ្តាញអគ្គិសនីរងសម្ពាធពីកម្ដៅខ្លាំង។

នៅទីក្រុងសៀងហៃ បន្ទុកអតិបរមា ឬតម្រូវការនៅលើបណ្តាញអគ្គិសនីរបស់ខ្លួនបានលើសពី ៤០លានគីឡូវ៉ាត់ជាលើកដំបូងកាលពីថ្ងៃទី០២ ខែសីហា ។
ខណៈរលកកម្ដៅបានបង្កើនកម្រិតប្រើប្រាស់អគ្គិសនី នៅក្នុងទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់នេះ។

ក្រុមឧតុនិយមចិន បាននិយាយថា កម្ដៅកម្រិតបំបែកកំណត់ត្រាក្នុងឆ្នាំ២០២៤ ។
ត្រូវបានជំរុញដោយការឡើងកម្ដៅផែនដី ទោះបីមានឥទ្ធិពលត្រជាក់នៃបាតុភូតអាកាសធាតុ ឡានីញ៉ា (La Nina) ក៏ដោយ។

ឆ្នាំនេះ ចិនជួបប្រទះនិទាឃរដូវដ៏ក្តៅបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៦១ ហើយបន្ទាប់មកគឺខែឧសភាក្តៅបំផុត ដែលត្រូវបានបន្តដោយលក្ខខណ្ឌគ្រោះរាំងស្ងួតជាច្រើនសប្តាហ៍នៅក្នុងតំបន់ដីស្រែចំការភាគកណ្តាល។
កម្ដៅខ្លាំងស្របពេលជាមួយនឹងការប្រមូលផលស្រូវរដូវដើមឆ្នាំក្នុងខេត្តទាំងជាច្រើន បានជំរុញឱ្យមានការបង្កើនប្រព័ន្ធធារាសាស្រ្ត ដើម្បីរក្សាភាពត្រជាក់នៃវាលស្រែការពារការខូចខាតដល់ដំណាំ៕

Leave a Reply

Your email address will not be published. Required fields are marked *