ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយនៅថ្ងៃព្រហស្បតិ៍(ទី៨)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនរហូតពេលនេះ!។
បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៦៩៩នាក់និងរបួសសរុប ប្រហែល ៩១.៧២២នាក់ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស២២នាក់ និងរបួស៧៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹង ការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕