អ៊ុយក្រែន បានស្នើសុំឱ្យ ប្រទេសម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ។
ខណៈលោក ពូទីន នឹងអញ្ជើញចូលរួមពិធីស្បថ ចូលកាន់តំណែង របស់ប្រធានាធីបតី ជាប់ឆ្នោត ម៉ិកស៊ិក គឺលោកស្រី Claudia Sheinbaum នាថ្ងៃទី១ ខែតុលា ខាងមុខ។
សេចក្តីថ្លែងការណ៍ របស់ស្ថានទូតអ៊ុយក្រែន បាននិយាយដូច្នេះថា «យើងមានទំនុកចិត្តថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលម៉ិកស៊ិក នឹងគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ ។
ដោយប្រគល់ខ្លួនលោក ពូទីន ឱ្យទៅស្ថាប័នយុត្តិធម៌ របស់អង្គការសហប្រជាជាតិ(UN) នៅឯទីក្រុងឡាអេ នៃប្រទេសហូឡង់»។
កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។
លោក Juan Ramon de la Fuente ដែលត្រូវគេរំពឹងថា នឹងក្លាយជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ម៉ិកស៊ិក បាននិយាយថា វាគឺជាពិធីសារស្តង់ដា ក្នុងការអញ្ជើញមេដឹកនាំនៃបណ្តាប្រទេសនានា ដែលម៉ិកស៊ិកមានទំនាក់ទំនងការទូតជាមួយ ឱ្យមកចូលរួមពិធីស្បថចូលកាន់តំណែង ពោលគឺរួមបញ្ចូលទាំងរុស្ស៉ីនិងអ៊ុយក្រែន។
គួរបញ្ជាក់ថា លោកស្រី Sheinbaum នឹងក្លាយជា
ប្រធានាធិបតីស្រីដំបូងបង្អស់ របស់ប្រទេសម៉ិកស៊ិក ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីខែមិថុនាកន្លងទៅ។
លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានចូលរួមផ្ញើសារអបអរសាទរ ជ័យជម្នះរបស់លោកស្រី។
ពិធីស្បថចូលកាន់តំណែងនោះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ខាងមុខ៕