ចក្រភពអង់គ្លេស កំពុងពង្រាយនគរបាលរាប់ពាន់នាក់ ឱ្យនៅបំពេញកាតព្វកិច្ច ក្នុងករណីមានកុបកម្មរើសអើងពូជសាសន៍ នៅចុងសប្តាហ៍នេះ។
ខណៈរដ្ឋាភិបាល បាននិយាយថា ខ្លួនកំពុងពិចារណារឹតបន្តឹង បទបញ្ញត្តិ ជុំវិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ។
បន្ទាប់ពីភាពវឹកវរជាច្រើន ថ្ងៃដែលជំរុញ ដោយព័ត៌មានមិនពិត តាមបណ្តាញអ៊ីនធឺណិតជាដើម។
នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចំនួននគរបាលបន្ថែម និងយុត្តិធម៌បន្ទាន់ បានរារាំង ដែលលោកហៅថាជា ឧក្រិដ្ឋជនស្តាំនិយមជ្រុល ចាប់តាំងពីថ្ងៃពុធ ទី៧ សីហា ។
ប៉ុន្តែបាននិយាយថា អាជ្ញាធរនឹងរក្សាការប្រុងប្រៀបខ្ពស់ សម្រាប់បញ្ហាបន្ថែមទៀត។
ការវាយប្រហាររើសអើងជាតិសាសន៍ និងភាពគ្មានសណ្តាប់ធ្នាប់ ភាគច្រើន បានផ្តោតទៅលើជនមូស្លីម និងជនអន្តោប្រវេសន៍។
សណ្ឋាគារជាច្រើនកន្លែង ដែលមានអ្នកស្វែងរកសិទ្ធិជ្រកកោនស្នាក់នៅ ត្រូវបានវាយកម្ទេចបង្អួច ហើយវិហារអ៊ីស្លាម ត្រូវបានគប់ដោយដុំថ្ម។
លោក Starmer បាននិយាយថា អ្នកដែលពាក់ព័ន្ធក្នុងកុបកម្ម អាចរំពឹងថានឹងត្រូវបាននាំមកឈរនៅចំពោះមុខតុលាការ និងបាននិយាយថា ជាអ្វីដែលលោកហៅថាជា ការកាត់ទោសដ៏សំខាន់ ដែលត្រូវបានប្រគល់ឲ្យរួចហើយ។
លោក បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលទីបញ្ជាការនគរបាលក្នុងទីក្រុងឡុងដ៍ថា នោះគឺជាផ្នែកមួយដ៏សំខាន់ នៃសារទៅកាន់អ្នកទាំងឡាយណា ដែលគិតចង់ចូលរួមក្នុងការបង្កភាពគ្មានសណ្តាប់ធ្នាប់បន្ថែមទៀត៕