មន្ត្រីនៃប្រទេសទាំង២ បាននិយាយនៅថ្ងៃចន្ទ(១២ ខែសីហា) ថាអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ថ្ងៃ នៅចុងខែសីហា ដើម្បីពង្រឹងជំហរការពារ សម្ព័ន្ធមិត្តទាំង២។
សមយុទ្ធដែលត្រូវបានគេហៅថា ខែលការពារសេរីភាព អ៊ុយឈី (Ulchi Freedom Shield-UFS) នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែសីហា ។
ហើយនឹងឆ្លុះបញ្ចាំងពីការគំរាមកំហែងជាក់ស្តែងដូចជាការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ការកកស្ទះប្រព័ន្ធកំណត់ទីតាំងសកល (GPS) ការវាយប្រហារតាមអ៊ីនធឺណិត និងមេរៀនដែលបានរៀនពីជម្លោះប្រដាប់អាវុធថ្មីៗនេះ នេះបើតាមការលើកឡើងរបស់ក្រុមមន្ត្រីនៅក្នុងសន្និសីទសារព័ត៌មាន។
មន្ត្រីក៏បាននិយាយផងដែរថា បណ្តាប្រទេសជាសមាជិកនៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) នឹងរួមចំណែកដល់បុគ្គលិកយោធាក្នុងសមយុទ្ធនេះ ។
ហើយគណៈកម្មការត្រួតពិនិត្យជាតិអព្យាក្រឹត នឹងធ្វើការសង្កេតជាភាគីទីបីនៃសមយុទ្ធ ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ ដែលមានចែងក្នុងកិច្ចព្រមព្រៀង៕