សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ (១២ខែសីហា) ថា៖ អាមេរិក មិនបាននៅពីក្រោយ ក្នុងការតវ៉ាបណ្តេញលោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចេញពីនាយករដ្ឋមន្ត្រីបង់ក្លាដែស នោះទេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។
នៅពេលត្រូវសាកសួរពីការរាយការណ៍លើការជាប់ពាក់ព័ន្ធរបស់អាមេរិក ក្នុងការតវ៉ានៅបង់ក្លាដែសថា លោកស្រីថា«យើងមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះ»។
របាយការណ៍ ឬពាក្យចចាមអារាមទាំងឡាយណា ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ទាំងនោះគឺជារឿងមិនពិត។
របាយការណ៍មួយនៅក្នុងសារព័ត៌មាន អ៊ីកូណូមិក ថែមស៍ (Economic Times) នៅឥណ្ឌា កាលពីថ្ងៃអាទិត្យ (១១ សីហា) បានដកស្រង់សម្តីលោកស្រី Hasina ដែលបានចោទអាមេរិកថាបានដើរតួនាទីក្នុងការបណ្តេញលោកស្រីពីតំណែង ។
ដោយសារតែខ្លួនចង់គ្រប់គ្រងលើកោះ សេន ម៉ាទីន (Saint Martin) របស់បង់ក្លាដែស នៅឈូងសមុទ្រ បេនហ្គាល់ (Bengal)។ សារព័ត៌មាននេះនិយាយថា លោកស្រី Hasina បានបញ្ជូនសារនោះទៅកាន់ខ្លួនតាមរយៈសហការីជិតស្និទ្ធ។
កូនប្រុសរបស់លោកស្រី Hasina គឺលោក សាជីប វ៉ាហ្សេដ (Sajeeb Wazed) នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ និយាយថា ម្ដាយខ្លួនមិនដែលនិយាយបែបនេះទេ។
បង់ក្លាដែស ត្រូវបានកក្រើកដោយបាតុកម្ម និងអំពើហិង្សាបន្ទាប់ពីការតវ៉ារបស់និស្សិតកាលពីខែមុន ដែលបានសម្លាប់មនុស្សរាប់រយនាក់។ នោះនាំឱ្យមានការលាលែងពីតំណែង របស់លោកស្រី Hasina ហើយបានភៀសខ្លួនទៅទីក្រុងញូវដេលី ៕