យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា តុលាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា)បានបញ្ជាឱ្យដោះលែងទាហានអ៊ីស្រាអែល៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ៖ រំលោភផ្លូវភេទលើអ្នកឃុំឃាំងប៉ាឡេស្ទីនម្នាក់។
កាសែត Haaretz បានរាយការណ៍ថា ទាហាននឹងស្នាក់នៅក្រោមការឃុំខ្លួនក្នុងផ្ទះរយៈពេល 10ថ្ងៃរហូតដល់ថ្ងៃទី 22 ខែសីហា ក្រោមកិច្ចព្រមព្រៀងរវាងអយ្យការយោធានិងក្រុមការពាររបស់ទាហាន។
កាលពីខែមុន ទាហានអ៊ីស្រាអែល 10 នាក់ត្រូវបានឃុំខ្លួន ពីបទរំលោភផ្លូវភេទអ្នកជាប់ឃុំម្នាក់ មកពីតំបន់ហ្គាហ្សា នៅឯពន្ធនាគារ Sde Teiman ដ៏ល្បីល្បាញ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ប៉ុន្តែពួកគេ៥នាក់ ក្រោយមកត្រូវបានដោះលែង។
បន្ទាប់ពីការចាប់ខ្លួន របស់ពួកគេកាលពីថ្ងៃទី 29 ខែកក្កដា ក្រុមបាតុករស្តាំនិយមអ៊ីស្រាអែល រួមទាំងអ្នកនយោបាយ បានបំបែកចូលទៅក្នុងមូលដ្ឋានយោធា ចំនួនពីរនៅភាគខាងត្បូង និងកណ្តាលអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងការឃុំខ្លួនរបស់ពួកគេ។
របាយការណ៍សិទ្ធិមនុស្ស ប៉ាឡេស្ទីន អ៊ីស្រាអែល និងអន្តរជាតិ នាពេលថ្មីៗនេះ បានបង្ហាញថា អ្នកទោសមកពីតំបន់ហ្គាហ្សា ត្រូវបានគេធ្វើទារុណកម្ម នៅពន្ធនាគារ ដែលនាំឱ្យមនុស្សរាប់សិបនាក់ស្លាប់។
តុលាការកំពូលរបស់អ៊ីស្រាអែល កំពុងពិចារណាលើញត្តិ ដែលដាក់ដោយអង្គការសិទ្ធិមនុស្ស ក្នុងស្រុក ដើម្បីបិទពន្ធនាគារដ៏ល្បី ដែលជនជាប់ឃុំប៉ាឡេស្ទីន ក៏ទទួលរងការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្តផងដែរ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាចាប់តាំង ពីការវាយប្រហារកាលពី ខែតុលាឆ្នាំមុនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕