Update៖ រុស្ស៊ីនិយាយថា គ្មានកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែននោះឡើយ!

ជំនួយការរបស់លោកប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ!។
បន្ទាប់ពីអ៊ុយក្រែន ធ្វើការវាយលុកឆ្លងព្រំដែន ចូលទៅភាគខាងលិចនៃប្រទេសរុស្ស៊ី។
លោក Yury Ushakov បាននិយាយ កាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា ការចរចានាពេលនេះ មិនអាចធ្វើទៅបាននោះទេ ដោយសារតែស្ថានភាព នៅក្នុងតំបន់ ឃើស(Kursk)។

លោកនិយាយថា សំណើសម្រាប់ការចាប់ផ្តើមការចរចាសន្តិភាព ដែលបង្ហាញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានសុពលភាព។
កាលពីខែមិថុនា លោកពូទីន បានដាក់លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព ដែលរួមមានការដកទ័ពអ៊ុយក្រែនចេញពីតំបន់ទាំងបួន ដែលរុស្ស៊ី បានដាក់បញ្ចូលជាឧបសម្ព័ន្ធជាឯកតោភាគី។

លោក Ushakov និយាយថា លទ្ធភាពនៃកិច្ចពិភាក្សាដ៏មានសក្តានុពលណាមួយ អាស្រ័យលើស្ថានភាព រួមទាំងនៅសមរភូមិផងដែរ។

កងកម្លាំងអ៊ុយក្រែន បានចេញផ្សាយវីដេអូ កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។
បង្ហាញពីអ្វីដែលពួកគេអះអាងថា ស្ពានចំនួន២កន្លែង នៅលើទន្លេ Seym ត្រូវបានបំផ្លាញ។
ពួកគេ និយាយថា ការវាយប្រហារនេះកំពុង ធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន របស់យោធារុស្ស៊ី។

អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ស្ពានទី៣ត្រូវបានបំផ្លាញ ក្នុងការវាយប្រហារ របស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា និងអ៊ុយក្រែន បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅអ៊ុយក្រែននៅថ្ងៃសុក្រ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy៕

Leave a Reply

Your email address will not be published. Required fields are marked *