Update៖ រុស្ស៊ី បាញ់មីស៊ីលលើផ្សារទំនើបអ៊ុយក្រែន របួសជិត៥០នាក់!

មន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យ(០១ខែកញ្ញា)ថា មនុស្សជិត៥០នាក់ រួមទាំងកុមារផងដែរបានរងរបួស..!។
ដោយសារមីស៊ីល របស់រុស្ស៊ី វាយប្រហារចំផ្សារទំនើបមួយ ក្នុងទីក្រុង ខាគីវ (Kharkiv) ភាគឦសាន របស់អ៊ុយក្រែន…!។

នៅព្រឹកដដែល ទីក្រុងមូស្គូ បាននិយាយថា ទីក្រុងគីវ បានបើកការវាយប្រហារ ដោយយានដ្រូនដ៏ធំបំផុតមួយប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមមក ដោយផ្តោតលើរោងចក្រថាមពល និងរោងចក្រចម្រាញ់ប្រេង ។

ខណៈកងកម្លាំងរុស្ស៊ី បានវាយរុលបន្ថែមទៀតឆ្ពោះទៅកាន់ទីក្រុងសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន។

ការវាយប្រហារនៅក្រុង Kharkiv បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បន្តការអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យអនុញ្ញាតឱ្យទីក្រុងគីវ អាចបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចចូលកាន់តែជ្រៅទៅក្នុងទឹកដីសត្រូវ និងកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយរុស្ស៊ី។

ការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងនៅចំណុចសំខាន់មួយក្នុងជម្លោះរយៈពេលពីរឆ្នាំកន្លះនេះ។ រុស្ស៊ី កំពុងដាក់សម្ពាធលើការវាយលុកនៅភាគខាងកើតអ៊ុយក្រែន។

ខណៈព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនដែលបានទម្លុះព្រំដែនខាងលិចរបស់ខ្លួននៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី០៦ ខែសីហា។

មន្ត្រីរុស្ស៊ីនិយាយថា អង្គភាពការពារដែនអាកាសបានបំផ្លាញយានដ្រូនចំនួន ១៥៨គ្រឿងដែលបាញ់ដោយអ៊ុយ ក្រែនពេញមួយយប់។

នៅក្រុង Kharkiv ក្រុមសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានដឹកជនស៊ីវិលដែលរងរបួសទៅកាន់រថយន្តគិលានសង្គ្រោះនៅខាងក្រៅផ្សារទំនើប ដែលត្រូវបានខ្ទេចខ្ទីក្នុងការវាយប្រហារដោយរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *