អង្គការសហប្រជាជាតិ បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺស្វិតដៃជើង ដល់កុមារ ៦៤០.០០០នាក់ នៅតំបន់ហ្កាហ្សាទទួលបានជោគជ័យ។
ការចាក់វ៉ាក់សាំង គឺពឹងផ្អែកលើការផ្អាកជា បន្តបន្ទាប់ក្នុងមូលដ្ឋានក្នុងការប្រយុទ្ធគ្នា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស់ ។
ក្រោយកិច្ចព្រមព្រៀង ផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃដំបូង បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
លោក សាលីម អូវ៉េស (Salim Oweis) អ្នកនាំពាក្យរបស់មូលនិធិកុមារ Unicef បានប្រាប់ទូរទស្សន៍ BBC ថា រហូត មកដល់ពេលនេះ យុទ្ធនាការនេះដំណើរការបានល្អណាស់។
ដើម្បីឱ្យមានប្រសិទ្ធភាព អង្គការសុខភាពពិភពលោក (WHO) និយាយថា យ៉ាងហោចណាស់៩០% នៃកុមារអាយុក្រោម ១០ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងក្នុងរយៈពេលដ៏ខ្លី។
ការជំរុញនេះធ្វើឡើង បន្ទាប់ពីករណីជំងឺស្វិតដៃជើង ដែលត្រូវបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ នៅហ្កាហ្សា។
វ៉ាក់សាំងប្រហែល១,៣ លានដូស ថ្មីៗនេះត្រូវបានដឹកជញ្ជូនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Kerem Shalom ដោយអង្គការ Unicef ។
ភ្នាក់ងារនេះ ត្រូវរក្សាទុកវ៉ាក់សាំងនៅក្នុងកន្លែងផ្ទុកត្រជាក់ក្នុងឃ្លាំងរបស់ខ្លួននៅសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរក្សាប្រសិទ្ធភាពរបស់វ៉ាក់សាំង។
ការដឹកជញ្ជូនមួយផ្សេងទៀតនៃវ៉ាក់សាំងចំនួន៤០០.០០០ដូស ត្រូវបានកំណត់ថានឹងត្រូវបញ្ជូនទៅហ្កាហ្សាឆាប់ៗនេះ៕