ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍ កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះទីហ្វុង Yagi វាយបោកបក់នៅភាគខាងជើងប្រទេសវៀតណាម បានកើនដល់១២៧ នាក់។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា មនុស្សសរុបចំនួន ១២៧នាក់ស្លាប់ និងមនុស្សប្រមាណ៧៦៤នាក់បានរងរបួស ។
ខណៈដែល៥៤ នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយសារតែព្យុះត្រូពិចដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំនេះ ដោយយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ព្យុះទីហ្វុង បានវាយប្រហារភាគខាងជើងខេត្ត Cao Bang, Lao Cai, Quang Ninh, Hai Phong និង Phu Tho។
ជាមួយគ្នានោះ តំបន់ភ្នំ Cao Bang បានរាយការណ៍ថាមានអ្នកស្លាប់ និងបាត់ខ្លួនច្រើនជាងគេ ដែលសរុបមនុស្សស្លាប់ ១៩ នាក់ និង ៣៦នាក់នៅមិនទាន់រកឃើញ។
ក្នុងចំណោមអ្នកស្លាប់ និងរបួស យ៉ាងហោចណាស់មនុស្ស១២ នាក់បានស្លាប់ដោយសារព្យុះនេះ ៧២ នាក់ពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ប្រាំមួយនាក់ដោយសារទឹកជំនន់ និង ៨នាក់ពីការដួលរលំស្ពាន Phong Chau នៅ Phu Thọ កាលពីថ្ងៃចន្ទ។
ព្យុះនេះក៏បាននាំឱ្យទូកចំនួន 85គ្រឿង លិចនៅក្នុងខេត្ត Quang Ninh ដោយបានបំផ្លាញស្រូវ ដំណាំ និងដើមឈើហូបផ្លែរាប់ពាន់ហិកតា។
ទឹកជំនន់ក៏បានបោកបក់ទ្រុងចិញ្ចឹមត្រីចំនួន១.៥៨២ ក្បាល និងសម្លាប់សត្វពាហនៈ ១.១៧៤ ក្បាល។
ទោះជាយ៉ាងណា ភ្លៀងធ្លាក់ខ្លាំងបានបន្តនៅតំបន់ផ្សេងៗគ្នាចាប់តាំងពីព្រឹកថ្ងៃអង្គារនេះ បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម។ រដ្ឋាភិបាលវៀតណាមបានពង្រាយទាហានរាប់ពាន់នាក់ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះ និងសង្គ្រោះនៅតំបន់រងគ្រោះផងដែរ៕