ភាពចលាចលនយោបាយនៅប្រទេសម៉ាដាហ្គាស្ការ បានកើនឡើងគួរឱ្យព្រួយបារម្ភ បន្ទាប់ពីកងទ័ពមួយចំនួនបានចូលរួមជាមួយបាតុករដែលកំពុងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ហើយប្រធានាធិបតី លោកAndry Rajoelina បានចោទប្រកាន់ថា មានការប៉ុនប៉ងដណ្តើមអំណាចដោយខុសច្បាប់កំពុងកើតឡើង។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី12 ខែតុលា ឆ្នាំ 2025។
កងទ័ពដែលស្ថិតក្រោមអង្គភាព CAPSAT នៅស្រុក Soanierana ជាយក្រុងអង់តាណាណារីវ៉ូ បានចូលរួមជាមួយបាតុកររាប់ពាន់នាក់នៅថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យកងកម្លាំងសន្តិសុខបដិសេធការបញ្ជាបាញ់ប្រឆាំងប្រជាពលរដ្ឋ និងថ្កោលទោសចំពោះអំពើហិង្សារបស់ប៉ូលីស។
នៅទីក្រុង Antananarivo បាតុករបានដុតរថពាសដែក និងកាន់ទង់ជាតិម៉ាដាហ្គាស្ការក្នុងការអបអរសាទរទាហានដែលបានចូលរួមជាមួយពួកគេ។ ការតវ៉ានេះគឺធំបំផុតចាប់តាំងពីចលនាបះបោរបានផ្ទុះឡើងកាលពីថ្ងៃទី 25 ខែកញ្ញា ដោយសារតែបញ្ហាថាមពល និងការខ្វះទឹក។
ប៉ូលីសបានប្រើគ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស ប៉ុន្តែសមត្ថកិច្ចមិនអាចគ្រប់គ្រងបាតុកម្មបានទេ។ ការចូលរួមរបស់ទាហានបានជំរុញឱ្យបាតុករមានកម្លាំងចិត្តកាន់តែខ្លាំងឡើង ដោយពួកគេស្រែកថា អរគុណ!ទៅកាន់ទាហាន។
នៅថ្ងៃទីអាទិត្យ លោក Rajoelina បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសកំពុងប្រឈមមុខនឹង “ការប៉ុនប៉ងដណ្តើមអំណាចដោយបង្ខំ និងផ្ទុយនឹងរដ្ឋធម្មនុញ្ញ”។ លោកបានអំពាវនាវឱ្យមានការសន្ទនាដើម្បីដោះស្រាយវិបត្តិ និងជៀសវាងអំពើហិង្សាបន្ថែម៕