Update៖ អ៊ីស្រាអែលថា ខ្លួនបានវាយកម្ទេច កងពលតូចក្រុមហាម៉ាស់ នៅទីក្រុងរ៉ាហ្វា!

កងកម្លាំងយោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែកញ្ញា)ថា ខ្លួនបានវាយប្រហារកម្ទេច កងពលតូច របស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង…!។
យោធានិយាយថា កងទ័ពរបស់ខ្លួន បានសម្លាប់ ជនសកម្មប្រយុទ្ធ ជាង ២.០០០នាក់ នៅក្នុងទីក្រុងរ៉ាហ្វា រួមទាំងលោក ម៉ាខ្មូដ ហាមដាន ( Mahmoud Hamdan) មេបញ្ជាការកងវរសេនាតូច Tel al-Sultan របស់ក្រុមហាម៉ាស នៅក្នុងទីក្រុងនេះ។

យោធាអ៊ីស្រាអែល បន្ថែមថា ប្រតិបត្តិការរបស់ខ្លួន បានបំផ្លាញផ្លូវរូងក្រោមដីប្រហែល ១៣ គីឡូម៉ែត្រ។
ដែលកប់នៅក្រោមទីក្រុងរ៉ាហ្វា និងប្រហែល ៨០ភាគរយនៃផ្លូវរូងក្រោមដី នៅតាមបណ្តោយផ្លូវនៃច្រករបៀងហ្វីឡាដែលហ្វៀ ( Philadelphia) នៅតាមព្រំដែនហ្កាហ្សា-អេហ្ស៊ីប។

ចាប់តាំងពីខែឧសភា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតាមផ្លូវ​គោក​ទ្រង់ទ្រាយធំ នៅទីក្រុងរ៉ាហ្វា។
ដែលត្រូវបានគេកំណត់ថា ជា តំបន់សុវត្ថិភាពនៅពេលចាប់ផ្តើមជម្លោះហ្កាហ្សា។

ក្នុងអំឡុងពេលប្រតិបត្តិការនេះ កងទ័ព បាន​ដណ្តើមគ្រប់គ្រងព្រំដែនជាមួយអេហ្ស៊ីប ដោយបិទផ្លូវជម្លៀសតែមួយគត់សម្រាប់ជនស៊ីវិល និង បានកម្ទេចកងពលតូចរ៉ាហ្វា។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *