នៅថ្ងៃសុក្រ(ទី១៣ខែកញ្ញា) តុលាការថៃ បានសម្រេចផ្តន្ទាទោស សកម្មជនប្រជាធិបតេយ្យលេចធ្លោ១រូប ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ។
ពីបទ ប្រមាថអង្គព្រះមហាក្សត្រ។
-នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា។
លោក Jatupat Boonpattararaksa ត្រូវបានតុលាការរកឃើញ មានទោសបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រថៃ។
ដោយសារតែការធ្វើសុន្ទរកថា មួយ ប្រឆាំងស្ថាប័នព្រះមហាក្សត្រ នៅស្រុកកំណើតរបស់លោក ក្នុងខេត្ត Chaiyaphum កាលពីឆ្នាំ២០២១។
លោក Jatupat ធ្លាប់បានជាប់ឃុំខ្លួន០៦ខែ មុនពេលបើកសវនាការជំនុំជម្រះសេចក្តី និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយដាក់ប្រាក់តម្កល់ កាលពីដើមឆ្នាំ២០២២។
លោកនៅប្រឈមបទចោទ ក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ចំនួន២ ករណីទៀត។
សកម្មអាយុ៣៣ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមបុគ្គលសំខាន់ៗ អំឡុងចលនាបាតុកម្ម កាលពីចន្លោះឆ្នាំ២០២០-២០២១។
ដែលបានមើលឃើញ មនុស្សរាប់សែននាក់ ភាគច្រើនជាយុវជន នាំគ្នាចេញធ្វើសកម្មភាពតវ៉ាតាមដងផ្លូវ ដើម្បីទាមទារឱ្យកែទម្រង់ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។
នៅក្នុងប្រទេសអាស៊ានមួយនេះ ស្ថាប័នព្រះមហាក្សត្រ ត្រូវបានការពារពីការរិះគន់នានា តាមរយៈច្បាប់ដ៏តឹងរ៉ឹងបំផុត ដែលបទល្មើសនីមួយៗ ប្រឈមការជាប់ពន្ធនាគារ អាចរហូតដល់១៥ឆ្នាំ។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២០មក មនុស្សសរុបជាង២៧០នាក់ ត្រូវបានកាត់ទោសក្រោមច្បាប់នេះ។
កាលពីខែកក្កដា សកម្មជនថៃម្នាក់ទៀតឈ្មោះ Parit Chiwarak ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ។
ខណៈកាលពីខែឧសភា សកម្មជនម្នាក់ឈ្មោះ Netiporn Sanae-sangkhom ដែលស្ថិតក្រោមការឃុំខ្លួន ពីបទប្រមាថព្រះមហាក្សត្រ បានបាត់បង់ជីវិត៕