សារព័ត៌មាន វ៉លស្រ្ទីត ជើណល (Wall Street Journal) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ ខែកញ្ញា)ថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា មិនអាចធ្វើទៅបាននោះទេ ខណៈលោកប្រធានាធិបតី Joe Biden កំពុងកាន់អំណាច…!។
សារព័ត៌មានដដែល បានដកស្រង់សម្តីក្រុមមន្ត្រីជាន់ខ្ពស់ នៅសេតវិមាន ក្រសួងការបរទេស និងមន្ទីរបញ្ចកោណដោយមិនបញ្ចេញឈ្មោះ។
ស្ថាប័នទាំងនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី សាព្រីណា ស៊ីញ (Sabrina Singh) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យើងមិនជឿថាកិច្ចព្រមព្រៀងនោះកំពុងជាប់គាំងគ្មានផ្លូវចេញនោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពី២សប្តាហ៍មុនថា ៩០ភាគរយនៃកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានយល់ព្រមរួចហើយ។
អាមេរិក និងក្រុមសម្រុះសម្រួល កាតា និងអេហ្ស៊ីប បានព្យាយាមជាច្រើនខែដើម្បីធានាបទឈប់បាញ់មួយ។
ប៉ុន្តែបរាជ័យក្នុងការធ្វើឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។
ឧបសគ្គធំៗចំនួនពីរដែលរារាំងបទឈប់បាញ់នេះគឺការទាមទាររបស់អ៊ីស្រាអែល ក្នុងការរក្សាកងកម្លាំងនៅក្នុងច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប និងព័ត៌មានជាក់លាក់នៃការផ្លាស់ប្តូរចំណាប់ថ្នូរនៅហ្គាហ្សាជាមួយអ្នកទោសប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល។
អាមេរិកនិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា អាចកាត់បន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ស្របពេលមានការភ័យខ្លាចថាជម្លោះអាចរីករាលដាល។
លោក Biden បានដាក់ចេញនូវសំណើបទឈប់បាញ់ ៣ដំណាក់កាលមួយកាលពីថ្ងៃទី៣១ ឧសភា ដែលលោកនិយាយនៅពេលថា អ៊ីស្រាអែលបានយល់ព្រមរួចហើយ៕