មេក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថាការវាយប្រហារ ដោយគ្រាប់បែក តាមរយៈការប្រើប្រាស់ឧបករណ៍បញ្ជូនសារអគ្គិសនី និងវិទ្យុទាក់ទងឬ អាយកូម រាប់ពាន់គ្រឿងនៅលីបង់ គឺមានន័យថា អ៊ីស្រាអែល កំពុងប្រកាសសង្គ្រាម…!។
នៅក្នុងសុន្ទរកថាមួយលោក Hassan Nasrallah បានទទួលស្គាល់ថា ក្រុមហេសបូឡា បានរងការវាយប្រហារធ្ងន់ធ្ងរមិនធ្លាប់មាន ប៉ុន្តែលោកបានប្តេជ្ញាបន្តប្រយុទ្ធ និងសងសឹកវិញយ៉ាងស័ក្ដិសម។
អ៊ីស្រាអែល ពុំបាននិយាយថា ខ្លួននៅពីក្រោយការបំផ្ទុះចំនួន២លើក កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍ ដែលអាជ្ញាធរលីបង់ បាននិយាយថា បានសម្លាប់មនុស្ស ៣៧នាក់ និង៣.០០០ នាក់បានរបួស។
ខណៈលោក Nasrallah កំពុងថ្លែងនៅតាមទូរទស្សន៍ គេបានលឺសំឡេងយន្តហោះចម្បាំង របស់អ៊ីស្រាអែល នៅលើរដ្ឋធានីបេរូត ។
ដោយបង្កការភ័យខ្លាចដល់ប្រជាជន ដែលបានតក់ស្លត់រួចទៅហើយ និងមានការវាយប្រហារដាក់គោលដៅផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់៕