លោក មីន អោងឡាំង ផ្ញើសារអរគុណសម្តេចតេជោ ដែលចូលរួមរំលែកទុក្ខ ដល់ប្រជាជនមីយ៉ាន់ម៉ា!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានផ្ញើសារលិខិតអរគុណ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខដល់រូបលោក និងប្រជាជនមីយ៉ាន់ម៉ា ។

ដែលរងគ្រោះដោយទឹកជំនន់ ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឡើង ដោយព្យុះទីហ្វុងយ៉ាហ្គី។
លោក មីន អោងឡាំង ថ្លែងថា ខ្ញុំសូមសម្តែងនូវអំណរអរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច ដែលបានផ្ញើសាររំលែកទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនរូបខ្ញុំ និងប្រជាជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់ យ៉ាងខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី។

កាយវិការសម្រាលទុក្ខ និងគាំទ្ររបស់ សម្តេច ក្នុងអំឡុងពេលដ៏លំបាកនេះ គឺប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង ដោយ បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ឈរនៅក្បែរប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងគ្រាលំបាក និងក្នុងគ្រាមាន វិបុលភាព៕

Leave a Reply

Your email address will not be published. Required fields are marked *