Update៖ អ៊ីស្រាអែលនិងក្រុមហេសបូឡា បង្កើនការវាយប្រហារដាក់គ្នាកាន់តែខ្លាំង!

អ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារគ្នា ទៅវិញទៅមក ឆ្លងព្រំដែន កាលពីថ្ងៃអាទិត្យ(ទី២២ខែកញ្ញា)។

ទោះបីជាមានការអំពាវនាវឱ្យថបថយជម្លោះ ដើម្បីបញ្ចៀសការរីកធំនៃសង្រ្គាមធំនៅមជ្ឈិមបូព៌ាក្ដី…!។

ក្រុមមន្ត្រីលីបង់ និយាយថា មនុស្ស៤៥នាក់បានស្លាប់ ក្នុងការវាយប្រហារនេះ រួមទាំងមេបញ្ជាការក្រុមហេសបូឡាលោក Ibrahim Aqil និងក្រុមយុទ្ធជនរបស់លោក១៥នាក់ទៀត..!។

យោធាអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ូកែត មីស៊ីល និងអាវុធផ្សេងៗប្រហែល១៥០គ្រាប់ ត្រូវបានបាញ់ទៅលើទឹកដីរបស់ខ្លួន កាលពីយប់ជ្រៅថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ភាគច្រើន មកពីប្រទេសលីបង់។

អង្គការសហប្រជាជាតិ បានព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ កើតចេញពីការប្រយុទ្ធគ្នារវាងភាគីទាំង២។
ប្រមុខអង្គការនេះ លោក Antonio Guterres បានប្រាប់ទូរទស្សន៍ CNN លោកបារម្ភថា អាចនឹងប្រែក្លាយលីបង់ទៅជាដែនដីហ្កាហ្សាមួយទៀត។

ចំនួនអាវុធ ដែលបានបាញ់ចូលទឹកដីអ៊ីស្រាអែល មានច្រើនជាងការវាយប្រហារមុនៗ ។
ដែលបង្ខំឲ្យប្រជាពលរដ្ឋអ៊ីស្រាអែលគេចចេញពីគ្រាប់បែក ទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ។
ហើយលំនៅឋានមួយចំនួន នៅក្បែរទីក្រុងហៃហ្វា (Haifa) ត្រូវបានរងការខូចខាត។

អ៊ីស្រាអែល បានបើកការវាយប្រហារ លើគោលដៅនានានៅភាគខាងត្បូងលីបង់ ។
ដែលខ្លួននិយាយថា បានបំផ្លាញជើងទម្របាញ់គ្រាប់រ៉ូកែតរាប់ពាន់គ្រឿងរបស់ក្រុមហេសបូឡា។

កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីស្ដារសន្តិសុខឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *