(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
បានមានព្រះរាជបន្ទូលថា ប្រទេសជាតិកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ គឺកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា…!។
ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ កម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ ដោយសារតែមាននយោ បាយឈ្នះ ឈ្នះ ដែលបានដាក់ចេញ និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនោះដែរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានមានព្រះរាជបន្ទូលផងដែរថា សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍន៍ប្រកបដោយភាព អង្គអាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីដឹកនាំកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍខ្លាំងក្លា៕