លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា អង្គការសហប្រជាជាតិ កំពុងបិទភ្នែកមិនអើពើចំពោះអ៊ុយក្រែន ដែលវាយលុកចូលទៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី កាលពីខែមុន…!។
ក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលចេញផ្សាយនៅពីព្រឹកថ្ងៃពុធ (២៥ខែកញ្ញា)លោក Lavrov បាននិយាយថា ក្រុមភេរវករ អ៊ុយក្រែន កំពុងប្រើប្រាស់អាវុធលោកខាងលិច ដើម្បីប្រព្រឹត្តអំពើឃោរឃៅមិនរើសមុខនៅក្នុងទីក្រុង Kursk។
លោក Lavrov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា កងកម្លាំងអ៊ុយក្រែនបានបំផ្ទុះលំនៅឋានប្រជាជនជារៀងរាល់ថ្ងៃ ។
ទម្លាក់គ្រាប់បែកលើស្ថាប័នសង្គម និងប្រព្រឹត្តិសកម្មភាពមិនរើសមុខជាច្រើន ។
ប៉ុន្តែយើងមិនបានឮការសម្ដែងក្ដីបារម្ភណាមួយពីតំណាងអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវលើសិទ្ធិមនុស្ស រួមទាំងអគ្គលេខាធិការនោះទេ ដោយសំដៅទៅលើប្រមុខ UN លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres)។
អ៊ុយក្រែន និងអង្គការសិទ្ធិមនុស្សបានចោទរុស្ស៊ី ពីការទម្លាក់គ្រាប់បែកមិនរើសមុខលើជនស៊ីវិល និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីប្រតិបត្តិការយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ទីក្រុងគីវនិយាយថា ខ្លួនកំពុងការពារខ្លួនប្រឆាំងនឹងសង្រ្គាមដណ្តើមយកទឹកដីតាមបែបអធិរាជដែលត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់អត្តសញ្ញាណជាតិរបស់ខ្លួន៕